* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិភាគអន្តរជាតិ៖ ៣ខែកន្លងទៅហើយ តើលោក ត្រាំ កំពុងចាញ់សង្រ្គាមអ៉ីរ៉ង់ឬ?

25-05-2026 20:59

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រហែលជាបានឈ្នះនៅលើសមរភូមិប្រយុទ្ធជាមួយអ៉ីរ៉ង់ ប៉ុន្តែ៣ខែក្រោយការវាយប្រហារលើអ៉ីរ៉ង់ ឥលូវលោក ត្រាំ កំពុងប្រឈមមុខនឹងសំណួរដ៏ធំមួយ នោះគឺ៖ «តើរូបលោកកំពុងចាញ់សង្រ្គាមឬ»? បច្ចុប្បន្ន ក្នុងពេលដែលអ៉ីរ៉ង់កំពុងរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ជំទាស់ការធ្វើសម្បទាននុយក្លេអ៊ែរ ហើយរបបដឹកនាំតេហេរ៉ង់នៅតែអាចបន្តកាន់អំណាច ការសង្ស័យ មានកាន់តែច្រើនឡើងថាលោក ត្រាំ អាចបកស្រាយជោគជ័យយុទ្ធសាស្ត្រយោធា ទៅជាលទ្ធផលមួយអាចឱ្យរូបលោកយកទៅអះអាងថាជាជ័យជម្នះមួយខាងភូមិសាស្ត្រនយោបាយ។

សម្រាប់លោក ត្រាំ ជ័យជម្នះនៅអ៉ីរ៉ង់ជារឿងសំខាន់បំផុតមួយមានជាប់ពាក់ព័ន្ធនឹងមុខមាត់របស់លោក ពីព្រោះពាក្យថាជនបរាជ័យមិនមានក្នុងវចនានុក្រមរបស់លោកនោះទេ ហើយពាក្យជនបរាជ័យនេះទៀតសោតតែងតែ ត្រូវបានលោកប្រើប្រាស់ជារឿយៗដើម្បីវាយប្រហារលើក្រុមអ្នករិះគន់ ឬប្រឆាំងនឹងរូបលោក។ ក្នុងសង្រ្គាមអ៉ីរ៉ង់​ លោក ត្រាំជាអគ្គមេបញ្ជាការយោធានៃកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ត្រូវប្រយុទ្ធតតាំង ជាមួយអ៉ីរ៉ង់ដែលមានកម្លាំងយោធាមិនអាចធ្វើការប្រៀបធៀបជាមួយសហរដ្ឋអាមេរិក តែមានជំនឿថាពួកគេកំពុងស្ថិតក្នុងស្ថានភាពអំណោយផលជាង។ អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថា «សហរដ្ឋអាមេរិកសម្រេចបាននូវរាល់កម្មវត្ថុយោធាទាំងអស់នៅក្នុងប្រតិបត្តិការ Operation Epic Fury ហើយលោកប្រធានាធិបតី ត្រាំ កំពុងកាន់សន្លឹកបៀរជាច្រើននៅក្នុងដៃ និងរក្សាជម្រើសគ្រប់យ៉ាងនៅលើតុ»។

* សម្ពាធ និងការខកចិត្ត
អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិ២ លោក ត្រាំ បានសន្យាថានឹងមិនធ្វើអន្តរាគមន៍យោធាដែលមិនមានភាពចាំបាច់នោះទេ។ ប៉ុន្តែនៅទីបំផុតទៅ សហរដ្ឋអាមេរិកត្រូវធ្លាក់ចូលក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ ជាសង្រ្គាមមួយដែលក្រុមអ្នកវិភាគមួយចំនួនយល់ថាអាចនឹងបង្កការខូចខាតយូរអង្វែងដល់កំណត់ត្រាគោលនយោបាយការបរទេស និងភាពគួរឱ្យទុកចិត្តបានរបស់លោកនៅជុំវិញពិភពលោក។ សង្រ្គាមអ៉ីរ៉ង់បានធ្លាក់ចូល ក្នុង «ស្ថានការណ៍មិនមានសន្តិភាព មិនមានការប្រយុទ្ធគ្នា» ចំពេលលោក ត្រាំ កំពុងរងសម្ពាធនៅក្នុងស្រុកជុំវិញការឡើងថ្លៃប្រេងឥន្ធនៈ និងការធ្លាក់ចុះអត្រាគាំទ្រ បន្ទាប់ពីរូបលោកបានចាប់ផ្ដើមសង្រ្គាមជាមួយអ៉ីរ៉ង់ដែល មិនទទួលបានការគាំទ្រភាគច្រើនពីប្រជាជនអាមេរិកឡើយ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈគណបក្សសាធារណរដ្ឋរបស់លោកបារម្ភខ្លាចថាពួកគេអាចនឹងបាត់បង់ ការគ្រប់គ្រងលើសភាអាមេរិក។

តាមក្រុមអ្នកវិភាគ លោក ត្រាំ កំពុងប្រឈមមុខនឹងជម្រើសដ៏លំបាកថាតើត្រូវទទួលយកកិច្ចព្រមព្រៀងមិនគ្រប់ដប់មួយជាច្រកចេញពីវិបត្តិ ឬក៏បង្កើនជម្លោះយោធាសាជាថ្មីដែលអាចនឹងអូសបន្លាយវិបត្តិកាន់តែយូរ។ ក្រុមអ្នកវិភាគបាននិយាយថាក្នុងចំណោមជម្រើសរបស់លោក ត្រាំ ក្នុងករណីការទូតដួលរលំ វាអាចជាការវាយប្រហារដ៏ខ្លាំងក្លាមានដែនកំណត់មួយ ដើម្បីបកស្រាយថាវាជាជ័យជម្នះចុងក្រោយ។ ឬក៏ជម្រើសមួយផ្សេងទៀត គឺលោក ត្រាំ អាចនឹងព្យាយាមបង្វែរការផ្ដោតទៅលើគុយបាដើម្បីបង្វែរប្រធានបទ និងស្វែងរកជ័យជម្នះមួយដើម្បីប៉ះប៉ូវសង្រ្គាមជាមួយអ៉ីរ៉ង់។

* ដូរគោលដៅរហូត តែនៅតែមិនទាន់អាចសម្រេចបាន
លោក ត្រាំ បាននិយាយថាគោលដៅរបស់លោកក្នុងសង្រ្គាមអ៉ីរ៉ង់ គឺរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ លុបបំបាត់ចោលការគំរាមកំហែងដល់ផលប្រយោជន៍អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា និងត្រួសត្រាយផ្លូវឱ្យប្រជាជនអ៉ីរ៉ង់ កាន់តែងាយស្រួលងើបឡើងបះបោរផ្ដួលរំលំរបបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ។ តែមកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថាគោលដៅដែលប្រែប្រួលមិនទៀងទាំងនេះរបស់លោក ត្រាំនឹងត្រូវបានសម្រេចបាន ដោយជោគជ័យនៅឡើយទេ រីឯក្រុមអ្នកវិភាគជាច្រើនជឿថាទំនងជានឹងមិនអាចសម្រេចបានទៀតផង។

លោក Jonathan Panikoff ជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់ជាតិអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងបច្ចុប្បន្នជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Atlantic Council បាននិយាយថាខណៈអ៉ីរ៉ង់រងការវាយប្រហារ យ៉ាងដំំណំ ថ្នាក់ដឹកនាំអ៉ីរ៉ង់បានចាត់ទុកថាការរស់រានមានជីវិតនៃរបបដឹកនាំរបស់ពួកគេជាជ័យជម្នះមួយ ហើយពួកគេបានរៀនសូត្រពីវិធីអនុវត្តការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។ «អ្វីដែលពួកគេ (អ៉ីរ៉ង់) បានរៀន នោះគឺពួកគេអាចអនុវត្តការគ្រប់គ្រងរបស់ពួកគេលើច្រកសមុទ្រ Hormuz ជាមួយការប្រឈមមុខនឹងផលវិបាកតិចតួច»។ នេះជាការគូសបញ្ជាក់របស់លោក Panikoff ដោយបន្ថែមថាអ៉ីរ៉ងប្រហែលជាកំពុងមានទំនុកចិត្ត ថាខ្លួនអាចទ្រាំនឹងការឈឺចាប់បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច បានយូរជាងលោក ត្រាំដែលកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុក និងត្រូវការជ័យជម្នះភ្លាមៗ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់។

គោលដៅចម្បងមួយរបស់លោក ត្រាំ គឺការរំសាយនុយក្លេអ៊ែរអ៉ីរ៉ង់ក៏មិនទាន់អាចសម្រេចបាននៅឡើយដែរ។ អ៉ីរ៉ង់បានបង្ហាញឆន្ទៈតិចតួចដើម្បីរឹតត្បិតលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រីឯស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចក្នុងកម្រិតខ្ពស់ ត្រូវបានគេជឿថាកំពុងស្ថិតក្នុងរូងក្រោមដី នៅពីក្រោមរោងចក្រនុយក្លេអ៊ែរដែលរងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីខែមិថុនា ឆ្នាំ២០២៥។ អ៊ុយរ៉ាញ៉ូមទាំងនេះអាចនឹងត្រូវបានអ៉ីរ៉ង់ជីកយកមកវិញ ដើម្បី យកទៅចម្រាញ់បន្តដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ។ អ៉ីរ៉ង់បាននិយាយថាចង់ឱ្យអាមេរិកទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់នុយក្លេអ៊ែរដែលតេហេរ៉ង់អះអាងជារឿយៗថាមានគោលដៅស៊ីវិលតែប៉ុណ្ណោះ។ រឹតតែ ស្មុគស្មាញជាងនេះ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ ២នាក់បានប្រាប់ Reuters ថាមេដឹកនាំកំពូលអ៉ីរ៉ង់បានចេញសេចក្ដីណែនាំមួយថាអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់មិនអាចបញ្ជូនចេញពីអ៉ីរ៉ង់បាននោះទេ។ ក្រុមអ្នកវិភាគខ្លះបានធ្វើការសន្និដ្ឋានថាសង្រ្គាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល នឹងជំរុញឱ្យអ៉ីរ៉ង់កាន់តែមានចិត្តចង់បានអាវុធនុយក្លេអ៊ែរដើម្បីធ្វើជាខែលការពារខ្លួន ដូចគ្នាទៅនឹងកូរ៉េខាងជើងដែរ។

គោលដៅមួយផ្សេងទៀតរបស់លោក ត្រាំ នោះគឺការបង្ខំអ៉ីរ៉ង់បញ្ឈប់ការគាំទ្រដល់ចលនាប្រដាប់អាវុធ proxy ក្នុងតំបន់មជ្ឈិមបូព៌ា ក៏មិនទាន់អាចសម្រេចបាននៅឡើយដែរ។ បន្ថែមពីលើបញ្ហាប្រឈមទាំងនេះ លោក ត្រាំ ឥលូវ កំពុងប្រឈមមុខជាមួយមេដឹកនាំថ្មីរបស់អ៉ីរ៉ង់ដែលមានជំហរតឹងរ៉ឹងជាងមេដឹកនាំកំពូលអ៉ីរ៉ង់មុនដែលអាមេរិកបានសម្លាប់ទៅទៀត ហើយក្រោយសង្រ្គាមបញ្ចប់ អ៉ីរ៉ង់ត្រូវបានរំពឹងថានឹងបន្តកាន់កាប់ឃ្លាំងមីស៊ីល និងដ្រូន ដ៏សម្បើមមួយ។ ក្រៅពីនេះ លោក ត្រាំ ត្រូវប្រឈមមុខនឹងភាពតានតឹងក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អឺរ៉ុប ដែលបានប្រកែកមិនគាំទ្រដល់សង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា រុស្ស៉ី និងចិនវិញបានទាញយកមេរៀនជាច្រើនពីចំណុចខ្លាំង និងចន្លោះខ្វះខាតរបស់យោធាអាមេរិក ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ជាពិសេសក្នុងពេលដែលស្ដុកអាវុធទំនើបៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានថយចុះ។

លោក Robert Kagan ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Brookings Institution បានអះអាងថាបរាជ័យណាមួយក្នុងសង្រ្គាមអ៉ីរ៉ង់ អាចនឹងវាយប្រហារយ៉ាងខ្លាំងលើឥទ្ធិពល និងមុខមាត់របស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ ពោលគឺខ្លាំងជាងពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីសង្រ្គាមវៀតណាម និងអាហ្វហ្កានីស្ថាន។ តាមអ្នកវិភាគរូបនេះ​ វានឹងមិនមានឡើយការវិលត្រឡប់ទៅស្ថានភាពដើមមុនពេលសង្រ្គាមផ្ទុះឡើង ហើយគ្មានឡើយជ័យជម្នះទាំងស្រុងរបស់សហរដ្ឋអាមេរិកដែលនឹងប៉ះប៉ូវការខាតបង់ដែលបានកើតឡើងរួចទៅហើយនោះ៕