លោក ពូទីន លើកលែងបំណុលឱ្យទាហានរុស្ស៉ីថ្មីៗ ដែលចូលរួមប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន (Video inside)
26-05-2026 16:22
(មូស្គូ)៖ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យអ្នកទើបចូលបម្រើក្នុងជួរយោធា រួចខ្លួនពីបំណុលរហូតដល់១០លានរូប្លិ៍ ឬស្មើនឹង១៣៩ ០០០ដុល្លារ ខណៈទីក្រុងមូស្គូ បន្តដាក់ចេញវិធានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ ដើម្បីកែនកម្លាំងទ័ពបន្ថែម យកទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងសង្រ្គាមរយៈពេលជាង៤ឆ្នាំមកនេះ រដ្ឋាភិបាលរុស្ស៉ីបានផ្តល់ប្រាក់ខែខ្ពស់ៗគួរឱ្យទាក់ទាញដល់បុរសនានា ដែលបានចុះឈ្មោះចូលរួមប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ក្រឹត្យថ្មីនោះ នឹងធ្វើឱ្យពលរដ្ឋរុស្ស៉ីទាំងឡាយ ដែលបានចុះកិច្ចសន្យាបម្រើកងទ័ព ក្រោយថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ រួមជាមួយប្តីឬប្រពន្ធរបស់ពួកគេ មានសិទ្ធិទទួលបានការលើកលែងបំណុល ដូចខាងលើ។ យោងតាមក្រឹត្យដដែល កិច្ចសន្យាចូលបម្រើទ័ព គួរតែត្រូវចុះហត្ថលេខា សម្រាប់រយៈពេលយ៉ាងតិច១ឆ្នាំ និងក្នុងគោលដៅបំពេញភារកិច្ចនៃប្រតិបត្តិការយោធាពិសេស ដែលជាពាក្យទីក្រុងមូស្គូសំដៅលើសង្រ្គាមអ៊ុយក្រែន។
គួរបញ្ជាក់ថា វាគឺជាចំណាត់ការគាំទ្រសេដ្ឋកិច្ចថ្មីចុងក្រោយបង្អស់ សម្រាប់ទាហានរុស្ស៉ីដែលធ្វើសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមក លោក ពូទីន បានគាំទ្រឱ្យមានការលើកកម្ពស់ក្នុងសង្គម សម្រាប់អតីតយុទ្ធជនសង្រ្គាមអ៊ុយក្រែន ដោយលោកអំពាវនាវឱ្យទាហានដែលត្រឡប់មកពីសមរភូមិមុខវិញ ត្រូវទទួលបានឋានៈនិងតួនាទីល្អៗ។ កាលពីថ្ងៃចន្ទ លោក ពូទីន ក៏បានចេញក្រឹត្យមួយផងដែរ ដែលពន្យារសុពលភាពដោយមិនកំណត់រយៈពេល ចំពោះសិទ្ធិក្នុងការជួលដីរដ្ឋសម្រាប់អ្នកដែលប្រយុទ្ធនៅអ៊ុយក្រែន៕






