កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តប្រព័ន្ធបាញ់មីស៉ីលថ្មី (Video inside)
27-05-2026 08:57
(ព្យុងយ៉ាង)៖ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ កូរ៉េខាងជើងបានឱ្យដឹងថា ខ្លួនបានធ្វើតេស្តប្រព័ន្ធបាញ់មីស៉ីលធុនស្រាលថ្មីមួយ ដែលអាចប្រើប្រាស់បានច្រើនយ៉ាង ព្រមទាំងប្រព័ន្ធបាញ់មីស៉ីលគ្រូសតាកទិក ដែលប្រព្រឹត្តទៅកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃអង្គារ យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៉ីលប៉ុន្មានគ្រាប់ ក្នុងនោះរួមមានយ៉ាងហោច មីស៉ីលបាលិស្ទីគ១គ្រាប់ ចេញពីឆ្នេរភាគខាងលិចរបស់ខ្លួន ហើយពួកវាហោះបានចម្ងាយប្រហែល៨០គីឡូម៉ែត្រ មុនធ្លាក់ចូលផ្ទៃសមុទ្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការធ្វើតេស្តប្រព័ន្ធមីស៉ីលនោះ បានប្រព្រឹត្តទៅ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា ការបាញ់តេស្តមីស៉ីលកាលពីម្សិលមិញនេះ គឺជាលើកដំបូងរបស់កូរ៉េខាងជើង ក្នុងរយៈពេលជាង៣០ថ្ងៃ និងជាការធ្វើតេស្តលើកទី៨ នៅក្នុងឆ្នាំនេះ។ កាលពីខែមេសា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៉ីលបាលិស្ទីគ ក្នុងការធ្វើតេស្តមួយ ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពក្បាលគ្រាប់ ជាប្រភេទគ្រាប់បែកចង្កោម៕








