ប្រទេសមួយចំនួន ចាប់ផ្តើមដាក់ចេញនូវវិធានការការពារជំងឺអេបូឡា មកពីតំបន់ផ្ទុះរាលដាលនៅអាហ្វ្រិក (Video inside)
27-05-2026 10:17
(វ៉ាស៉ីនតោន)៖ កាណាដា បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួននឹងហាមប្រាមជាបណ្តោះអាសន្ន ចំពោះអ្នកស្រុកមកពីប្រទេសចំនួន ៣ក្នុងតំបន់អាហ្រ្វិក បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដោយសហរដ្ឋអាមេរិក ចំពេលមានការផ្ទុះឡើងនៃជំងឺអេបូឡា ខណៈប្រទេសបាហាម៉ា ក៏កំពុងពិចារណាធ្វើដូច្នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋាភិបាលកាណាដានិយាយថា ប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ូហ្កាន់ដា និងស៊ូដង់ខាងត្បូង នឹងត្រូវបានហាមមិនឱ្យចូលកាណាដា រយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃពុធនេះតទៅ។ រីឯពលរដ្ឋកាណាដា អ្នករស់នៅអចិន្ត្រៃយ៍ និងជនបរទេសផ្សេងទៀត ដែលបាននៅក្នុងតំបន់រងផលប៉ះពាល់ក្នុងសប្តាហ៍ថ្មីៗនេះ ហើយមិនមានរោគសញ្ញា នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោន បានហាមប្រាមអ្នកដែលមិនមែនជាជនជាតិខ្លួន ដែលបានធ្វើដំណើរទៅកុងហ្គោ អ៊ូហ្កាន់ដា ឬស៊ូដង់ខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ ពីការចូលមកសហរដ្ឋអាមេរិក។ ប្រភពមួយបានឱ្យដឹងថា ប្រទេសបាហាម៉ា ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការហាមប្រាមចូលក្នុងប្រទេស សម្រាប់អ្នកដែលបានធ្វើដំណើរប្រទេសអាហ្វ្រិកទាំង ៣ដូចគ្នានេះ ក្នុងរយៈពេល ២១ថ្ងៃកន្លងមកផងដែរ៕






