គុយបាអំពាវនាវរកអន្តរជាតិឱ្យជួយជាបន្ទាន់ ចំពោះមុខការបង្កើនសម្ពាធពីអាមេរិក (Video inside)

27-05-2026 10:54

(យូអិន)៖ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានអំពាវនាវរកការជួយជាបន្ទាន់ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនៅក្នុងប្រទេសរបស់លោក ដែលបាននិងកំពុងតែស្ថិតក្រោមការបិទខ្ទប់ថាមពលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) លោក Rodriguez បានលើកឡើងដូច្នេះថា «ខ្ញុំសូមអំពាវនាវ​ឱ្យសហគមន៍អន្តរជាតិជួយធ្វើសកម្មភាព ដើម្បីទប់ស្កាត់មហន្តរាយមនុស្សធម៌ ដែលអាចកើតឡើងតាមរយៈការបិទខ្ទប់ឥន្ធនៈ» ហើយ​លោករដ្ឋមន្រ្តីបានបន្ថែមថា ឥឡូវគួរតែដល់ពេលហើយ ដែលត្រូវចូលរួមបង្ហាញសាមគ្គីភាពជាមួយគុយបា។

កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាចំហអំពីបំណងចង់គ្រប់គ្រងគុយបា ដែលជាប្រទេស​ជិតខាងមួយរបស់សហរដ្ឋអាមេរិក ប៉ុន្តែស្ថិតក្រោមការដឹកនាំនៃរបបកុម្មុយនីស្ត។ លោក ត្រាំ ធ្លាប់គំរាមថា ក្រោយយោធាអាមេរិកវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro កាលពីខែមករា ដើមឆ្នាំនេះ ប្រទេសគុយបា អាចជាគោលដៅបន្ទាប់របស់លោក សម្រាប់ការធ្វើសកម្មភាពយោធា និងការផ្លាស់ប្តូរដ៏ធំមួយ។

ប្រជាជនគុយបា បានទទួលរងស្ថានភាពសេដ្ឋកិច្ចលំបាកខ្លាំង អស់រយៈពេលជាច្រើនឆ្នាំ ដោយជួបការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ក៏ដូចជាតម្រូវការចាំបាច់ដទៃទៀត ចាប់តាំងពីប្រទេសដែនកោះនៅសមុទ្រ Caribbean មួយនេះ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាណិជ្ជកម្ម ក្រោយពេលលោក Fidel Castro ឡើងកាន់អំណាច កាលពីឆ្នាំ១៩៥៩។ ស្ថានការណ៍បានកាន់តែអាក្រក់ថែមទៀត នៅពេលលោក ត្រាំ កាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងពីសម្ព័ន្ធមិត្តរបស់ទីក្រុងឡាហាវ៉ាន គឺវ៉េណេស៊ុយអេឡា ក្រោយការផ្តួលរំលំលោក Maduro។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានបង្កើនសម្ពាធបន្ថែមកាលពីសប្តាហ៍មុន ដោយចោទប្រកាន់ជាផ្លូវការលើ លោក Raul Castro ដែលមានអាយុ៩៤ឆ្នាំ ជុំវិញឧប្បត្តិហេតុបាញ់ទម្លាក់យន្តហោះស៉ីវិលខ្នាតតូច ២គ្រឿង កាលពីឆ្នាំ១៩៩៦។ ប្រការនោះធ្វើឱ្យការព្រួយកាន់តែកើនឡើងថា សហរដ្ឋអាមេរិកកំពុងរកលេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងឡាហាវ៉ាន។ មួយថ្ងៃក្រោយប្រកាសការចោទប្រកាន់លើលោក Castro រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានព្រមានគុយបាថា សហរដ្ឋអាមេរិកផ្តោតជាខ្លាំង លើការផ្លាស់ប្តូរប្រព័ន្ធកុម្មុយនីស្តរបស់​ប្រទេសនេះ៕