រុស្ស៉ី អនុញ្ញាតឱ្យធនាគាររដ្ឋ និងធនាគារកំពូល ធ្វើប្រតិបត្តិការប្រព័ន្ធការពារ និងអាចបាញ់ទម្លាក់ដ្រូនដោយខ្លួនឯង (Video inside)

27-05-2026 13:03

(មូស្គូ)៖ សភាជាប់ទាបរបស់ប្រទេសរុស្ស៉ី បានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យធនាគារកណ្តាល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ធ្វើប្រតិបត្តិការប្រព័ន្ធការពារ និងប្រើប្រាស់អាវុធដើម្បីបាញ់ទម្លាក់យន្តហោះដ្រូន ដោយគ្មានការចូលរួមពីកងកម្លាំងពិសេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។

ច្បាប់នេះនឹងត្រូវការការអនុម័តចុងក្រោយពីសភាជាន់ខ្ពស់ ឬក្រុមប្រឹក្សាសហព័ន្ធរុស្ស៉ី។ ប្រព័ន្ធការពារយន្តហោះដ្រូន ត្រូវបំពាក់នៅជាប់ធនាគារកណ្តាល ធនាគារធំជាងគេរបស់ប្រទេស Sberbank និងសមាគមប្រមូលសាច់ប្រាក់រុស្ស៉ី។ បុគ្គលិកនៅស្ថាប័នទាំងនោះ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធ។

តាមសម្តីរបស់ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាជាន់ទាបរុស្ស៉ី លោក Anatoly Aksakov ដែលដកស្រង់ដោយសារព័ត៌មាន RBC ស្ថាប័ននានា នឹងដោះស្រាយការចំណាយលើការការពារនេះដោយខ្លួនឯង។ លោក Alexander Shokhin ប្រធានផ្នែក lobby អាជីវកម្មដ៏មានឥទ្ធិពលបំផុតនៅរុស្ស៉ី បានប្រាប់ប្រធានាធិបតី ពូទីន ថាខ្លួនបានត្រៀមជាស្រេចក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការទិញអាវុធធុនធ្ងន់ និងប្រព័ន្ធអេឡិចត្រូនិក ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ពីការវាយប្រហារដោយយន្តហោះដ្រូន។

គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងវាយប្រហាររុស្ស៉ីជាមួយនិងយន្តហោះដ្រូន ដោយជាញឹកញាប់កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល៕