យោធាអាមេរិក បន្តសម្លាប់មនុស្សក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នៅដែនសមុទ្រជុំវិញតំបន់អាមេរិកឡាទីន (Video inside)
27-05-2026 13:54
(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ខ្លួនបានបើកការវាយប្រហារថ្មីមួយ លើទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ហើយជាលទ្ធផលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ រីឯ២នាក់ទៀតនៅមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឃ្លីបវិដេអូបង្ហោះលើបណ្តាញសង្គម ដោយទីបញ្ជាការយោធាអាមេរិក US Southern Command បង្ហាញឱ្យឃើញទូក១គ្រឿង កំពុងធ្វើដំណើរលើផ្ទៃទឹក មុនពេលផ្ទុះឆាបឆេះ។ យោធាអាមេរិកបានអះអាងថា ខ្លួនបានជូនដំណឹងភ្លាមៗទៅកាន់ឆ្មាំសមុទ្រអាមេរិក ដើម្បីបើកការស្វែងរកនិងជួយសង្រ្គោះ អ្នកដែលនៅមានជីវិត។
យុទ្ធនាការរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៃការវាយប្រហារកម្ទេចទូកសង្ស័យរត់ពន្ធគ្រឿងញៀន នៅក្នុងដែនទឹកជុំវិញតំបន់អាមេរិកឡាទីន ដែលរួមមានសមុទ្រ Caribbean និងភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក បានប្រព្រឹត្តទៅចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ហើយបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច ១៩៤នាក់ គិតមកទល់ពេលនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយឡើយ ដែលថាទូកទាំងអស់នោះ ពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ខណៈអ្នកជំនាញផ្នែកច្បាប់ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា ការវាយប្រហាររបស់អាមេរិក អាចស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ រដ្ឋបាលលោក ត្រាំ ធ្លាប់និយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងសង្រ្គាម ជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀននៅអាមេរិកឡាទីន ដែលខ្លួនអះអាងថា ជាអ្នកទទួលខុសត្រូវសម្រាប់ការរីករាលដាល នៃករណីមនុស្សស្លាប់ដោយសារការប្រើថ្នាំញៀនហួសកម្រិត ដែលបានញាំញីសហគមន៍អាមេរិកជាច្រើន៕







