រុស្ស៉ីថាអ៊ុយក្រែនប្រើមីស៉ីល Storm Shadow វាយប្រហារលើតំបន់គ្រីមៀ

27-05-2026 14:25

(មូស្គូ)៖ រុស្ស៉ីបានអះអាងថា នាថ្ងៃពុធ ទី២៧ ខែឧសភា ប្រព័ន្ធការពារដែនអាកាសនៅទីក្រុងកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាង ២០គ្រឿង ហើយអ៊ុយក្រែនថែមទាំងប្រើប្រាស់ មីស៉ីល Storm Shadow ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អភិបាលទីក្រុង Sevastopol លោក Mikhail Razvozhayev បាននិយាយថា បើតាមទិន្នន័យជាបឋម គឺពុំមានមនុស្សទទួលរងគ្រោះថ្នាក់ទេ ប៉ុន្តែសំណង់មួយចំនួន រួមមានអគារការិយាល័យសាខាធនាគារកណ្តាល និងអគារស្នាក់នៅកម្ពស់៨ជាន់មួយខ្នង បានរងការខូចខាតក្នុងការវាយប្រហារ។

មីស៉ីល Storm Shadow គឺជាអាវុធផលិតរួមគ្នាដោយបារាំងនិងចក្រភពអង់គ្លេស ខណៈរុស្ស៉ីធ្លាប់បានកោះហៅទូតប្រទេសទាំងពីរ ដើម្បីបង្ហាញការជំទាស់ចំពោះការប្រើប្រាស់មីស៉ីលនេះ ដោយអ៊ុយក្រែននាពេលកន្លងមក។ ចំណែក នៅទីក្រុង Taganrog ភាគខាងត្បូងប្រទេសរុស្ស៉ី ជាប់ព្រំប្រទល់ភាគកើតរបស់អ៊ុយក្រែន ក៏មានមនុស្ស២នាក់រងរបួសផងដែរ ក្រោយរុស្ស៉ីបាញ់ស្កាត់មីស៉ីល១គ្រាប់ នាថ្ងៃពុធនេះ។

យោមតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax ដែលផ្អែកលើព័ត៌មានពីក្រសួងការពារជាតិរុស្ស៉ី សរុបមកវិញ រុស្ស៉ីបានបាញ់ទម្លាក់​យន្តហោះដ្រូន១៤០គ្រឿង។ ដោយឡែក ការវាយប្រហាររបស់រុស្ស៉ីលើតំបន់ Dnipropetrovsk និង Zaporizhzhia របស់អ៊ុយក្រែន បានបណ្តាលឱ្យមនុស្ស២១នាក់រងរបួស បើតាមអាជ្ញាធរប្រចាំតំបន់។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើរដ្ឋធានីកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន ដោយប្រើដ្រូននិងមីស៊ីលក្នុងចំនួនដ៏ច្រើន ហើយវាស្ថិតក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរយៈពេល ៤ឆ្នាំមកនេះ ក្នុងនោះមានទាំង ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik មួយគ្រាប់លើគោលដៅក្បែររដ្ឋធានីកៀវ៕