អ៉ីស្រាអែល អះអាងពីការសម្លាប់មេដឹកនាំយោធាថ្មីរបស់ក្រុមហាម៉ាស ក្រោយមេដឹកនាំមុន ទើបតែត្រូវបានសម្លាប់មិនយូរប៉ុន្មាន (Video inside)

27-05-2026 14:53

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានឱ្យដឹងថា ខ្លួនបានផ្តាច់ជីវិតមេដឹកនាំថ្មី​នៃចលនាប្រដាប់អាវុធរបស់​ក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងការវាយប្រហារមួយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ហ្កាហ្សា បន្ទាប់ពីមេដឹកនាំចាស់ ទើបត្រូវបានសម្លាប់ ក្នុងការវាយប្រហារស្រដៀងគ្នានៅហ្កាហ្សា កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ​Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិ លោក Israel Katz បាននិយាយថា យោធាអ៉ីស្រាអែល ទើបតែបានបើកការវាយប្រហារតាមផ្លូវអាកាសនៅហ្កាហ្សា ដោយកំណត់គោលដៅលើ បុគ្គលឈ្មោះ Mohammed Odeh ដែលជាមេបញ្ជាការថ្មីនៃចលនាប្រដាប់អាវុធរបស់ហាម៉ាស និងជាស្ថាបនិកម្នាក់ នៃការវាយប្រហារ​លើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍បានបន្តថា ការផ្ទៀងផ្ទាត់ព័ត៌មាន បង្ហាញថា បុគ្គល Odeh ត្រូវបានសម្លាប់ដោយជោគជ័យ។

លោក Odeh ត្រូវបានតែងតាំងជាមេដឹកនាំយោធារបស់ហាម៉ាស ក្រោយមេបញ្ជាការមុន គឺលោក Ezzedine Al-Haddad ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីពាក់កណ្តាលខែឧសភានេះ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើ លោក Odeh ត្រូវបានតែងតាំងជាអ្នកឡើងបន្តតំណែងពីលោក Al-Haddad កាលពីខ្ទង់មួយសប្តាហ៍មុន ហើយលោកធ្លាប់បម្រើតួនាទី​ជាប្រមុខចារកម្មរបស់ហាម៉ាស អំឡុងព្រឹត្តិការណ៍ ៧ តុលា។

ក្រោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលបានផ្តាច់ជីវិតមនុស្សប្រហែល១២២០នាក់នៅអ៉ីស្រាអែល លោក Netanyahu បានប្តេជ្ញាតាមកម្ចាត់មេខ្លោងទាំងអស់ ដែលនៅពីក្រោយ។ សង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅហ្កាហ្សា ប្រឆាំងក្រុមហាម៉ាស បានសម្លាប់មនុស្សយ៉ាងហោច ៧២ ៨០៣នាក់ បើតាមក្រសួងសុខាភិបាលហ្កាហ្សាផ្ទាល់។

គួរបញ្ជាក់ថា អំឡុងសង្រ្គាម អ៉ីស្រាអែលបានធ្វើឃាតថ្នាក់ដឹកនាំហាម៉ាសជាបន្តបន្ទាប់ ក្នុងរួមមានទាំងអតីតមេដឹកនាំនយោបាយ លោក Ismail Haniyeh។ ក្រៅពីនេះ រួមមានទាំងលោក Yahya Sinwar ដែលត្រូវបានចាត់ទុកជាមេខ្លោងធំជាងគេបង្អស់ នៅពីក្រោយព្រឹត្តិការណ៍ ៧ តុលា និងលោក Mohammed Deif ដែលជាអតីតមេបញ្ជាការយូរឆ្នាំ នៃចលនាប្រដាប់អាវុធរបស់​ហាម៉ាស និងជាស្ថាបនិកម្នាក់ផងដែរ នៃព្រឹត្តិការណ៍ ៧ តុលា។ មិនតែប៉ុណ្ណោះ អ៉ីស្រាអែល ក៏បានសម្លាប់សមាជិកហាម៉ាសនៅឯប្រទេសលីបង់ រួមជាមួយមេបញ្ជាការរបស់ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ និងដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស ក្នុងនោះរួមមានទាំង អតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah៕