មេដឹកនាំវៀតណាម នឹងទៅកាន់ហ្វីលីពីន សម្រាប់ការពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ
27-05-2026 15:29
(ហាណូយ)៖ មេដឹកនាំកំពូលវៀតណាម លោក To Lam គ្រោងបំពេញទស្សនកិច្ចនៅហ្វីលីពីន ក្នុងសប្តាហ៍ក្រោយនេះ ខណៈដែលប្រធានាធិបតីហ្វលីពីន លោក Ferdinand Marcos Jr ស្វែងរកការពង្រឹងបន្ថែមទៀតនូវសម្ព័ន្ធភាពក្នុងតំបន់ និងដៃគូសន្តិសុខនៃប្រទេសរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
ការិយាល័យប្រធានាធិបតីហ្វលីពីន បានឱ្យដឹងថា លោក Marcos នឹងទទួលស្វាគមន៍ប្រធានាធិបតី និងជាប្រធានបក្សកុម្មុយនីវៀតណាម សម្រាប់ទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពាណិជ្ជកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ទោះជាហ្វីលីពីន និងវៀតណាម មានការទាមទារត្រួតស៉ីគ្នាលើដែនកោះមួយចំនួន នៅសមុទ្រចិនខាងត្បូងក៏ដោយ តែប្រទេសទាំងពីរកម្រនឹងមានជម្លោះណាស់ ហើយកងទ័ពជើងទឹករបស់ពួកគេ ថែមទាំងលេងកីឡាជាមួយគ្នានៅប្រជុំកោះ Spratly ដើម្បីបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅទៀតផង៕




