ចិនថាទំនាក់ទំនងជាមួយប៉ាណាម៉ា មិនគួរក្លាយជាប្រធានបទជ្រៀតជ្រែកពីសំណាក់ភាគីទី ៣ (Video inside)
27-05-2026 16:01
(New York, សហរដ្ឋអាមេរិក)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ប៉េកាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប៉ាណាម៉ា ខណៈដែលលោកបានស្នើប្រទេសអាមេរិកកណ្តាលមួយនេះ ឱ្យការពារសិទ្ធិក្រុមហ៊ុនចិន អំឡុងពេលជួបរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា លោក Javier Martínez-Acha។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
ដោយសំដៅទៅសម្ពាធរបស់សហរដ្ឋអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាមួយចិន ក្បែរព្រែកជីកប៉ាណាម៉ា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា លោក Wang ដែលបានជួបលោក Acha ខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក បាននិយាយថា ទំនាក់ទំនងរវាងចិន និងប៉ាណាម៉ា មិនគួរទទួលរងការជ្រៀតជ្រែកពីភាគីទី ៣ឡើយ។
ជំនួបនេះកើតឡើង បន្ទាប់ពីមានភាពតានតឹងអស់ជាច្រើនខែ ជុំវិញអនាគតផែកុងតឺន័រសំខាន់ពីរគឺ Balboa និង Cristobal ដែលមានទីតាំងនៅជិតច្រក Pacific និង Atlantic មកកាន់ព្រែកជីកប៉ាណា។ ព្រែកជីកប៉ាណាម៉ា គ្រប់គ្រងប្រហែល ៥ភាគរយ ៥ភាគរយនៃពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក។
ថ្មីៗនេះអាជ្ញាធរចិន និងនៅទីក្រុងហុងកុង បានជំទាស់នឹងសេចក្តីសម្រេចលុបអាជ្ញាប័ណ្ណកំពង់ផែរបស់ក្រុមហ៊ុនហុងកុង CK Hutchison នៅប៉ាណាម៉ា ដែលប្រតិបត្តិការអស់រាប់ទសវត្សរ៍មកហើយ។ ការលុបចោលនេះ ផ្អែកតាមសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅទីនោះ៕






