សហរដ្ឋអាមេរិក បើកការវាយប្រហារមួយទៀតលើអ៉ីរ៉ង់ ក្រោយលោក ត្រាំ ច្រានចោលរបាយការណ៍កិច្ចព្រមព្រៀងពាក់ព័ន្ធច្រកសមុទ្រ Hormuz (Video inside)

28-05-2026 08:33

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បានវាយប្រហារជាថ្មីលើអ៉ីរ៉ង់សំដៅទៅទីតាំងរបស់យោធា ដោយមន្ត្រីអាមេរិកម្នាក់បាននិយាយថា វាត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ច្រានចោលរបាយការណ៍អំពីកិច្ចព្រមព្រៀងចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ជុំវិញការស្តារចរាចរណ៍ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានប្រាប់ Reuters ថាយោធាអាមេរិកក៏បានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនអ៉ីរ៉ង់ជាច្រើនគ្រឿង ដែលបង្កការគំរាមកំហែងផងដែរ។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងតាមក្រោយសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដែលថាសំឡេងផ្ទុះ ៣លើក ត្រូវបានគេឮនៅភាគខាងកើតនៃទីក្រុងកំពង់ផែ Bandar Abbas ប្រទេសអ៉ីរ៉ង់ នៅវេលារំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ត្រាំ បានច្រានចោលសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ដែលថាខ្លួនបានទទួលសេចក្តីព្រាងមិនផ្លូវការមួយ នៃកិច្ចព្រមព្រៀងដើម្បីស្តារពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យដូចមុនពេលមានសង្គ្រាម ដោយអ៊ីរ៉ង់ និងអូម៉ង់ គឺជាអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវទឹកនេះរួមគ្នា។ លោក ត្រាំ ថាគ្មានប្រទេសណាអាចគ្រប់គ្រងច្រកសមុទ្របានទេ វាគឺជាដែនទឹកអន្តរជាតិ៕