អាមេរិកដាក់ទណ្ឌកម្មឡើងវិញលើអ្នកជំនាញ UN ទទួលបន្ទុកដែនដីប៉ាឡេស្ទីន (Video inside)

28-05-2026 09:54

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មឡើងវិញលើ លោកស្រី Francesca Albanese ដែលជាអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាដែនដីប៉ាឡេស្ទីន និងដែលកន្លងមក បានរិះគន់ធ្ងន់ៗចំពោះអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាមេរិកបានដាក់ទណ្ឌកម្មលើលោកស្រី Albanese កាលពីខែកក្កដា ឆ្នាំ២០២៥ ជុំវិញអ្វីដែលខ្លួនចោទថា ជាកិច្ចប្រឹងប្រែងរបស់​លោកស្រី សំដៅជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាត់វិធានាការប្រឆាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ លោកស្រី ទើបត្រូវបានដកឈ្មោះចេញពីបញ្ជីទណ្ឌកម្មអាមេរិក កាលពីពេលថ្មីៗនេះ ក្រោយចៅក្រមសហព័ន្ធម្នាក់ បានចេញបញ្ជាដែលរារាំងទណ្ឌកម្ម​ជាបណ្តោះអាសន្ន។

ចៅក្រមរូបនោះ បាននិយាយថា​ រដ្ឋបាលលោក ត្រាំ ទំនងជាបានរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់លោកស្រី តាមរយៈ​ការដាក់ទណ្ឌកម្ម បន្ទាប់ពីលោកស្រី បានរិះគន់សង្រ្គាមនៅតំបន់ហ្កាហ្សា របស់អ៉ីស្រាអែលដែលជាសម្ព័ន្ធដ៏ជិតស្និទ្ធរបស់ទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា យ៉ាងណាក្តី កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការឧទ្ធរណ៍អាមេរិក​ បានចេញបទបញ្ជារារាំងបញ្ជារបស់ចៅក្រមខាងលើ ស្របពេលដែលតុលាការ ពិចារណាលើអង្គសេចក្តីនៃសំណុំរឿងនេះ។ លោកស្រី Albanese ដែលជាជនជាតិអ៉ីតាលី បានរិះគន់យ៉ាងចាស់ដៃ លើការប្រព្រឹត្តរបស់អ៉ីស្រាអែលចំពោះជនជាតិប៉ាឡេស្ទីន នៅក្នុងតួនាទីរបស់លោកស្រី ជាអ្នករាយការណ៍ពិសេសរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ទទួលបន្ទុកបញ្ហាដែនដីប៉ាឡេស្ទីន ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល៕