រុស្ស៉ី ព្រមានផ្អាកការផ្គត់ផ្គង់ដល់ប្រទេសអាមេនី ជុំវិញការស្នើសុំចូលជាសមាជិក EU (Video inside)

28-05-2026 10:13

(មូស្គូ)៖ កាលពីពុធសប្តាហ៍នេះ រុស្ស៉ីបានព្រមានដល់អាមេនី ថាខ្លួននឹងផ្អាកការផ្គត់ផ្គង់ប្រេងតម្លៃថោក ឧស្ម័ន និងពេជ្រមិនទាន់កែច្នៃ ប្រសិនបើប្រទេសនេះ នៅតែបន្តគម្រោងចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova ប្រាប់ទីភ្នាក់ងារព័ត៌មាន RIA ថាស្ថានទូតរុស្ស៉ីបានបញ្ជូនលិខិតផ្លូវការមួយច្បាប់ ដែលមានខ្លឹមសារថា ប្រសិនបើដំណើរការចូល EU នៅតែបន្ត ភាគីរុស្ស៉ីនឹងផ្អាក ឬបញ្ចប់ជាឯកតោភាគីនូវកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេង និងពេជ្រមិនទាន់កែច្នៃ។

អាមេនី ដែលជាប្រទេសគ្មានផ្លូវទឹក និងមានប្រជាជនប្រហែល ៣លាននាក់ មានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី ហើយក៏ជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ីដឹកនាំដោយរុស្ស៉ី (Russian-led Eurasian ​Economic Union)។ នាយករដ្ឋមន្ត្រី លោក Nikol Pashinyan បាននិយាយថា អាមេនីគ្មានគម្រោងចេញពីសហភាពអឺរ៉ាស៉ីទេ ហើយសមាជិកភាពក្នុងស្ថាប័ននេះ គឺត្រូវគ្នានឹងគោលដៅរបស់ EU។

ទីក្រុងមូស្គូ នៅក្នុងខែនេះ បានចោទប្រកាន់អាមេនី ថាត្រូវបានអូសទាញឱ្យចូលគន្លងប្រឆាំងរុស្ស៉ី ដោយសហភាពអឺរ៉ុប ដូចអ៊ុយក្រែនដែរ៕