អង់គ្លេស និងប៉ូឡូញ ចុះសន្ធិសញ្ញាការពារជាតិថ្មី (Video inside)
28-05-2026 11:10
(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខ រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា សម្ព័ន្ធមិត្តអឺរ៉ុបប្រឈមនឹងបញ្ហា ដែលគ្មានអ្វីធំជាងការឈ្លានពានរបស់រុស្ស៉ីនោះទេ នៅពេលដែលលោកទទួលស្វាគមន៍នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk ទៅកាន់ចក្រភពអង់គ្លេស។ លោក Tusk បានថ្លែងអំណរគុណ លោក Starmer សម្រាប់ការប្តេជ្ញាចិត្តក្នុងការការពារ ហើយថាវាគឺជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាថ្មីនេះ។
សន្ធិសញ្ញាសន្តិសុខថ្មី នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ រួមបញ្ចូលជំនាញរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថភាពផ្នែកឧស្សាហកម្ម រួមទាំងការអភិវឌ្ឍ និងផលិតអាវុធជំនាន់ក្រោយ។ វាក៏នឹងត្រួសត្រាយផ្លូវ ឱ្យមានសមយុទ្ធរួមទ្រង់ទ្រាយធំរួមគ្នា ដោយកម្លាំងទ័ពជើងគោក និងសម្រាប់ឱ្យទីក្រុងឡុងដ៍ ក៏ដូចជាទីក្រុងវ៉ាសូវី បង្កើនការប្រើប្រាស់ប្រព័ន្ធ uncrewed ដើម្បីពង្រឹងផ្នែកខាងកើតរបស់ណាតូផងដែរ។ នេះបើតាមរដ្ឋាភិបាលអង់គ្លេស៕





