លោក ត្រាំ ព្រមានវាយប្រហារអូម៉ង់ដែលជាសម្ព័ន្ធមិត្ត បើហ៊ានកាន់ជើងអ៉ីរ៉ង់ ជុំវិញបញ្ហាច្រកសមុទ្រ Hormuz (Video inside)
28-05-2026 11:45
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធាប្រឆាំងអូម៉ង់ ប្រសិនបើប្រទេសអារ៉ាប់មួយនេះ ហ៊ានចូលដៃចូលជើងជាមួយអ៉ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអាមេរិកកាលពីថ្ងៃពុធ អ្នកសារព័ត៌មានម្នាក់បានស្នើឱ្យលោក ត្រាំ ផ្តល់មតិជុំវិញគំនិតនៃការដែលអូម៉ង់និងអ៉ីរ៉ង់ ចាត់ចែងរួមគ្នាលើលំហូរពាណិជ្ជកម្ម នៅច្រកសមុទ្រយុទ្ធសាស្រ្តខាងលើ ជាទីដែលប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក ធ្វើចរាចរណ៍ឆ្លងកាត់ជាប្រចាំ កាលពីមុនពេលផ្ទុះសង្រ្គាម។
អ្នកសារព័ត៌មានបានសួរដូច្នេះថា «តើលោកទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីមួយ ដែលអនុញ្ញាតឱ្យអ៉ីរ៉ង់និងអូម៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz ដែរឬទេ»។ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបថា «គ្មាននរណានឹងគ្រប់គ្រងច្រកសមុទ្រនេះទេ។ វាគឺជាផ្លូវទឹកអន្តរជាតិ ហើយអូម៉ង់នឹងត្រូវប្រព្រឹត្តខ្លួនឱ្យល្អដូចអ្នកដទៃទៀតដែរ ព្រោះថាបើពុំដូច្នោះទេ យើងនឹងត្រូវតែវាយប្រហារលើពួកគេ»។
អូម៉ង់ដែលត្រូវគេស្គាល់ថាជាប្រទេសអព្យាក្រឹតមួយ មិនធ្លាប់និយាយដោយផ្ទាល់ថា ខ្លួនចង់ចូលរួមជាមួយអ៉ីរ៉ង់ ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ឡើយ។ សហរដ្ឋអាមេរិកនិងអូម៉ង់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ ដែលទំនាក់ទំនងមានអាយុកាលជាង២០០ឆ្នាំ។ ប្រទេសទាំងពីរ មានសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការជាច្រើន រួមមានទាំងភាពជាដៃគូផ្នែកសន្តិសុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាកិច្ចព្រមព្រៀងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
គួរបញ្ជាក់ថា កន្លងមកអូម៉ង់ក៏ធ្លាប់ដើរតួនាទីជា អ្នកសម្រុះសម្រួលសំខាន់មួយផងដែរ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ ស្របពេលដែលពួកគេបានព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់សង្រ្គាមដែលផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាវាយប្រហារលើប្រទេសអ៉ីរ៉ង់៕






