ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក ឆ្លើយតបការវាយប្រហារថ្មីរបស់យោធាអាមេរិក (Video inside)

28-05-2026 14:01

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង បន្ទាប់ពីយោធាអាមេរិក បានបើកការវាយប្រហារថ្មីទៀត​លើទីតាំងនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ក្បែរច្រកសមុទ្រ Hormuz ខណៈការវាយប្រហារគ្នាទៅមកនេះ កើតមានឡើងត្រឹមតែ​ប៉ុន្មានម៉ោងក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍មួយ ដែលថារូបលោក​ខិតជិត​កិច្ចព្រមព្រៀង ដែលមានការធ្វើសម្បទានទៅវិញទៅមក ជាមួយទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានបាញ់ទម្លាក់ដ្រូនអ៉ីរ៉ង់៤គ្រឿង ហើយវាយប្រហារលើស្ថានីយបញ្ជាដ្រូនមួយកន្លែង នៅទីក្រុងកំពង់ផែ Bandar Abbas ដែលប្រុងបញ្ជូនយន្តហោះដ្រូនទី៥។ មន្រ្តីរូបនោះបានអះអាងថា សកម្មភាពវាយប្រហារនេះ គឺមានលក្ខណៈការពារខ្លួនសុទ្ធសាធ ហើយនឹងនៅតែរក្សាបទឈប់បាញ់ដដែល។

ដោយឡែក កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ដើម្បីឆ្លើយតបការវាយប្រហាររបស់យោធាអាមេរិក។ IRGC មិនបានប្រាប់ច្បាស់ពីទីតាំងមូលដ្ឋានទ័ពនោះទេ ក៏ប៉ុន្តែទន្ទឹមគ្នា គុយវ៉ែតដែលជាកន្លែងមានមូលដ្ឋានយោធាអាមេរិកធំមួយ បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយតបការវាយប្រហារមីស៉ីលនិងដ្រូន ប៉ុន្តែមិនបានប្រាប់ថា ការវាយប្រហារទាំងនោះចេញមកពីទីណាទេ។

គួរបញ្ជាក់ថា ការកើនឡើងជាថ្មីនៃអរិភាព រំលេចឱ្យឃើញការគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលបានចូលជាធរមានកាលពីដើមខែមេសា ហើយវាបន្ថយនូវក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាម និងធ្វើឱ្យតម្លៃប្រេងហក់ឡើងវិញជាថ្មី៕