ឡាវបញ្ជូនជនជាតិថៃជាង ១០០នាក់ទៅប្រទេសដើមវិញ ក្រោយចាប់ខ្លួនបានពាក់ព័ន្ធបណ្តាញឆបោកនិងល្បែងស៉ីសងអនឡាញ (Video inside)
28-05-2026 14:28
(បាងកក)៖ អាជ្ញាធរឡាវ បានប្រគល់ខ្លួនជនជាតិថៃសរុប១០៦នាក់ ដែលត្រូវបានចាប់ខ្លួននៅខេត្ត Bolikhamxay ក្រោមផ្នែកនៃប្រតិបត្តិការបង្រ្កាបទូទាំងប្រទេស លើបណ្តាញឆបោកបច្ចេកវិទ្យា និងបណ្តាញល្បែងស៉ីសងអនឡាញខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។
ជនជាតិថៃទាំងនោះ ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធជាមួយអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងប្រតិបត្តិការល្បែងស៉ីសងអនឡាញ នៅប្រទេសឡាវ។ ជនជាតិថៃទាំង១០៦នាក់ ត្រូវបានប្រគល់ខ្លួនមកឱ្យអាជ្ញាធរថៃ កាលពីថ្ងៃពុធ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន នៅខេត្ត Bolikhamxay ហើយឆ្លងកាត់នីតិវិធីច្បាប់នៅក្នុងប្រទេសឡាវ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ បុគ្គលទាំង១០៦នាក់ នឹងត្រូវត្រួតពិនិត្យដើម្បីកំណត់ថា តើពួកគេជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ឬការបង្ខិតបង្ខំកម្លាំងពលកម្ម ឬមួយក៏ពួកគេបានធ្វើដំណើរដោយស្ម័គ្រចិត្ត ទៅធ្វើការឱ្យប្រតិបត្តិការខុសច្បាប់ទាំងនោះ៕







