មនុស្ស២នាក់ទៀតស្លាប់ ក្នុងការវាយប្រហាររបស់អាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន (Video inside)
28-05-2026 15:10
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ យោធាអាមេរិកបានបើកការវាយប្រហារថ្មីទៀត លើទូកដែលខ្លួនចោទថាលួចដឹកជញ្ជូនគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ហើយជាលទ្ធផលបណ្តាលឱ្យបុរស២នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ដូចទៅនឹងការអះអាងសម្រាប់ការវាយប្រហារស្រដៀងគ្នាជាច្រើនលើកកន្លងមកនេះ យោធាអាមេរិកបាននិយាយថា ការវាយប្រហារថ្មីចុងក្រោយបង្អស់របស់ខ្លួន បានកំណត់គោលដៅលើទូកមួយគ្រឿង ដែលធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន ធ្វើដំណើរនៅលើគន្លងផ្លូវ ដែលត្រូវបានដឹងថាជាច្រកផ្លូវរត់ពន្ធ ហើយបុរស២នាក់ ដែលជាភេរវករគ្រឿងញៀន ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ។ កាលពីថ្ងៃអង្គារ យោធាអាមេរិក ក៏បានប្រកាសពីការវាយប្រហារស្រដៀងគ្នាដែរ ហើយអះអាងថា បានសម្លាប់មនុស្សម្នាក់ ខណៈ២នាក់ផ្សេងទៀតនៅរស់។
គួរបញ្ជាក់ថា យុទ្ធនាការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់នេះរបស់អាមេរិក គឺចាប់ផ្តើមឡើងតាំងតែពីខែកញ្ញា ឆ្នាំ២០២៥ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ស្ថិតក្នុងសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។
សរុបមកទល់ពេលនេះ មនុស្សយ៉ាងហោច១៩៥នាក់ត្រូវបានសម្លាប់ ខណៈក្រុមអ្នកជំនាញច្បាប់និងក្រុមសិទ្ធិមនុស្ស យល់ឃើញថា ការវាយប្រហាររបស់យោធាអាមេរិក អាចស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ ដ្បិតពួកវាហាក់ដូចជាការកំណត់គោលដៅលើ ជនស៉ីវិលដែលមិនបង្កការគំរាមកំហែងបន្ទាន់ភ្លាមៗ ចំពោះសហរដ្ឋអាមេរិកនោះឡើយ៕






