អាមេរិកដាក់ទណ្ឌកម្មលើអាជ្ញាធរអ៉ីរ៉ង់ ដែលទទួលបន្ទុកការបង់ថ្លៃសេវានៅច្រកសមុទ្រ Hormuz

28-05-2026 16:02

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៧ ខែឧសភា សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងអាជ្ញាធរច្រកឈូងសមុទ្រពែរ្ស ជាទីភ្នាក់ងារថ្មីមួយដែលទីក្រុងតេហេរ៉ង់ទើបបង្កើតឡើង ដើម្បីទទួលបន្ទុកចាត់ចែងលើការប្រមូលថ្លៃសេវា សម្រាប់ការធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រ Hormuz។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា ការប៉ុនប៉ងថ្មីចុងក្រោយរបស់យោធាអ៉ីរ៉ង់ ក្នុងការជំរិតយកប្រាក់​ពីការធ្វើពាណិជ្ជកម្មផ្លូវសមុទ្ររបស់ពិភពលោក គឺជាភស្តុតាងបង្ហាញឱ្យឃើញថា យុទ្ធនាការដាក់គំនាបសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារបស់អាមេរិក បានបន្សល់ទុកឱ្យរបបទីក្រុងតេហេរ៉ង់ ខិតខំត្រដរខ្យល់ស្វែងរកលុយ។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៉ីនតោន បានរាំងខ្ទប់របបដឹកនាំអ៉ីរ៉ង់ ពីការទទួលបានប្រាក់ចំណូល​សម្រាប់កម្មវិធីអភិវឌ្ឍសព្វាវុធ ក្រុមភេរវករ និងមហិច្ឆតានុយក្លេអ៊ែរ ហើយអាមេរិកជោគជ័យ ក្នុងការរារាំងប្រាក់ចំណូលសរុប​រាប់ពាន់លានដុល្លារ មិនឱ្យអាចហូរចូលទៅដល់ដៃរបស់ទីក្រុងតេហេរ៉ង់។ ទន្ទឹមគ្នានោះ ទីក្រុងវ៉ាស៉ីនតោន ក៏បានព្រមានផងដែរ អំពីការដាក់ទណ្ឌកម្មលើនរណា ដែលព្រមបង់ថ្លៃសេវាឱ្យអ៉ីរ៉ង់ ព្រោះតាមរយៈនោះពួកគេអាចជួយគាំទ្រ និងទទួលសេវាពីឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អាជ្ញាធរអ៉ីរ៉ង់ខាងលើ បានចេញផ្សាយផែនទីមួយ ដែលបង្ហាញពីការទាមទារសិទ្ធិគ្រប់គ្រងរបស់​ទីក្រុងតេហេរ៉ង់ លើផ្ទៃទឹកលាតសន្ធឹងយ៉ាងធំ នៅសងខាងច្រកសមុទ្រ Hormuz។ អាមេរិកនិងអ៉ីរ៉ង់ បានអនុវត្តបទឈប់បាញ់គ្នា ចាប់តាំងពីថ្ងៃទី៨ ខែមេសា ខណៈកិច្ចប្រឹងប្រែងការទូត ត្រូវបានជំរុញដើម្បីឆ្ពោះទៅរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាផ្លូវការ ប៉ុន្តែ​ចំពោះមុខភាពរីកចម្រើនតិចតួច អ៉ីរ៉ង់បានរឹតត្បិតការគ្រប់គ្រងរបស់ខ្លួននៅ Hormuz ហើយយោធាអាមេរិក បានបើកការវាយប្រហារថ្មីៗ លើគោលដៅអ៉ីរ៉ង់ ប៉ុន្មានថ្ងៃចុងក្រោយនេះ៕