ចិនប្តេជ្ញាជួយគាំទ្រគុយបា ប្រឆាំងការដាក់សម្ពាធនិងការគំរាមកំហែង ពីប្រទេសមានអំណាច (Video inside)

28-05-2026 16:49

(វ៉ាស៉ីនតោន)៖ អំឡុងជំនួបជាមួយសមភាគីគុយបានៅទីក្រុង New York រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្តេជ្ញា​ផ្តល់ការជួយគាំទ្រដល់ទីក្រុងឡាហាវ៉ាន ដើម្បីប្រឈមមុខជាមួយការដាក់សម្ពាធនិងការគំរាមកំហែងពីប្រទេសមានអំណាច ខណៈ​ប្រទេសគុយបា កំពុងទទួលរងការបង្កើនសម្ពាធជាខ្លាំងពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។

គុយបានាពេលនេះកំពុងរងគ្រោះ ក្រោមការបិទខ្ទប់ថាមពលដោយអាមេរិក ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាចំហម្តងហើយម្តងទៀត អំពីមហិច្ឆតាចង់គ្រប់គ្រងប្រទេសដែនកោះនៃតំបន់ Caribbean នេះ។ ចិនជាប្រទេស​មានទំនាក់ទំនងជិតដិតជាមួយរដ្ឋកុម្មុយនីស្តមួយនេះ និងបានសន្យាបរិច្ចាគអង្ករ៦០ ០០០តោន ដើម្បីជួយគុយបាដោះស្រាយ​ការខ្វះខាតស្បៀង។

ប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez Parrilla លោកប្រមុខការទូតចិន បានប្តេជ្ញាយ៉ាងដូច្នេះថា «យើងនឹង​បន្តប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ហើយជួយនិយាយការពារគុយបា គាំទ្របុព្វហេតុត្រឹមត្រូវរបស់ប្រជាពលរដ្ឋគុយបា និង​ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការធ្វើឱ្យប្រសើរឡើង នៃជីវភាពរស់នៅរបស់ប្រជាជនគុយបា»។ លោក Wang បានបន្ថែមថា វាជារឿងចាំបាច់ក្នុងការគោរពឱ្យម៉ឺងម៉ាត់ ចំពោះអធិបតេយ្យនិងឯករាជ្យរបស់ប្រទេសនានា ហើយប្រឆាំងរាល់ទម្រង់​នៃការអាងអំណាចដាក់សម្ពាធនិងគំរាមកំហែង។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងរបស់គុយបាពីវ៉េណេស៊ុយអេឡាដែលជាសម្ព័ន្ធមិត្ត បន្ទាប់ពីអាមេរិក បានផ្តូលរំលំប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ កាលពីខែមករា ដើមឆ្នាំនេះ។ កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោន បានរឹតបន្តឹងសម្ពាធថែមទៀត តាមរយៈការចោទប្រកាន់ជាផ្លូវការ លើអតីតប្រធានាធិបតីគុយបា លោក Raul Castro ជុំវិញឧប្បត្តិហេតុបាញ់ទម្លាក់យន្តហោះស៉ីវិលអាមេរិក២គ្រឿង កាលពីឆ្នាំ១៩៩៦ ជាហេតុនាំឱ្យកើនក្តីបារម្ភកាន់តែខ្លាំងថា ទីក្រុងវ៉ាស៉ីនតោនកំពុងព្យាយាមរកលេស ដើម្បីរំលំរដ្ឋាភិបាលនៅទីក្រុងឡាហាវ៉ាន៕