ប៉ូលិសអាមេរិក ចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់ CIA ក្រោយរកឃើញដុំមាសសរុបមានតម្លៃ៤០លានដុល្លារ នៅក្នុងផ្ទះ (Video inside)
28-05-2026 18:08
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសពីការចាប់ខ្លួនអតីតមន្រ្តីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារចារកម្ម CIA ឈ្មោះ David Rush បន្ទាប់ពីការឆែកឆេរបានរកឃើញ ដុំមាសរាប់រយដុំមានតម្លៃខ្ទង់៤០លានដុល្លារ នៅក្នុងផ្ទះរបស់មន្រ្តីម្នាក់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។
ក្រុមប៉ូលិសនៃការិយាល័យស៉ើបអង្កេតសហព័ន្ធ ឬ FBI ក៏បានរឹបអូសផងដែរនូវលុយសុទ្ធចំនួន ២លានដុល្លារ រួមជាមួយនាឡិកាប្រណិតសរុប ៣៥គ្រឿងពីផ្ទះរបស់លោក ដែលស្ថិតនៅរដ្ឋ Virginia ក្នុងខែឧសភានេះ។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ លោក Rush បានដាក់សំណើប៉ុន្មានលើកទៅកាន់ថ្នាក់លើ សុំរូបិយបណ្ណបរទេសក្នុងបរិមាណយ៉ាងច្រើន ព្រមទាំងដុំមាសគិតជាតម្លៃរាប់សិបលានដុល្លារ សម្រាប់ការចំណាយផ្សេងៗពាក់ព័ន្ធនឹងការងារ។
លោក Rush ទទួលបានលុយនិងមាស ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីមូលហេតុដែលលោកត្រូវការពួកវាទេ។ ក្រោយមក លុយនិងមាសទាំងនោះ ត្រូវបានរកឃើញថា បាត់ចេញពីទូស្តុកទុកនៅកន្លែងធ្វើការ ជាហេតុនាំឱ្យឈានដល់មានការចុះឆែកឆេរផ្ទះរបស់លោក ហើយក៏រកឃើញដុំមាសប្រហែល៣០៣ដុំ មានតម្លៃប្រហែល៤០លានដុល្លារ។
វាពុំទាន់ច្បាស់ទេថា លោក Rush បានចាកចេញពីទីភ្នាក់ងារ CIA កាលពីពេលណា ប៉ុន្តែរូបលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ហើយចោទប្រកាន់ពីបទលួចលុយរបស់រដ្ឋ។ ការស៉ើបអង្កេតរបស់ FBI ក៏បានរកឃើញដែរថា លោក Rush ថែមទាំងបានផ្តល់ព័ត៌មានក្លែងក្លាយ ស្តីពីប្រវត្តិសិក្សានិងយោធារបស់ខ្លួន នៅក្នុងពាក្យសុំចូលបម្រើការងារទៀតផង៕





