ជប៉ុន និងហ្វីលីពីន ចាប់ផ្ដើមពិភាក្សាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អាវុធ (Video insdie)

28-05-2026 19:06

(តូក្យូ)៖ ប្រទេសជប៉ុន និងហ្វីលីពីន នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ពួកគេនឹងចាប់ផ្ដើមកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ ដែលនេះជាការត្រួសត្រាយផ្លូវអនុញ្ញាតឱ្យទីក្រុងតូក្យូ អាចបង្កើនការផ្ទេរឧបករណ៍យោធា រួមទាំងនាវាចម្បាំង ទៅកាន់រដ្ឋធានីម៉ានីលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងជាការឆ្លើយតបទៅនឹងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់។ ការណ៍នេះអាចកើតឡើងទៅបាន គឺបន្ទាប់ពីប្រទេសជប៉ុនទើបតែបានសម្រេចលុបចោលការរឹតបន្តឹងជាយូរឆ្នាំ លើការនាំចេញឧបករណ៍ប្រយុទ្ធរបស់ខ្លួន ដែលការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសហ្វីលីពីន។ បច្ចុប្បន្ន ជប៉ុនកំពុងពិចារណាផ្តល់នាវាពិឃាតជើងទឹក និងយន្តហោះល្បាតទៅឱ្យហ្វីលីពីន។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ (Sanae Takaichi) បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបនឹងមជ្ឈដ្ឋានយុទ្ធសាស្ត្រដែលកាន់តែធ្ងន់ធ្ងរ។ សម្រាប់លោក ម៉ាកូស ការមានទំនាក់ទំនងកាន់តែស្អិតរមួតជាមួយជប៉ុន និងសហរដ្ឋអាមេរិក គឺជាអាទិភាពដ៏សំខាន់ ខណៈហ្វីលីពីនតែងតែប្រឈមមុខដាក់គ្នាជាមួយកប៉ាល់ចិននៅក្នុងដែនទឹកមានជម្លោះ។

លើសពីបញ្ហាសន្តិសុខ មេដឹកនាំទាំងពីរក៏បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមទាំងបានឯកភាពសហការគ្នាលើសន្តិសុខថាមពល ដើម្បីជួយប្រទេសនៅអាស៊ីឱ្យអាចទប់ទល់នឹងវិបត្តិថាមពល ដែលបណ្ដាលមកពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ផងដែរ៕