ឯកសារសម្ងាត់យោធាបង្ហាញថា កងទ័ពអាមេរិកកំពុងក្លាយជាគោលដៅវាយប្រហារ តាមរយៈទិន្នន័យទីតាំងលក់នៅលើអនឡាញ (Video insdie)

28-05-2026 20:41

(វ៉ាស៊ីនតោន)៖ យោងតាមរបាយការណ៍ផ្ទៃក្នុងរបស់យោធាអាមេរិកដែលត្រូវបានទម្លាយថ្មីៗនេះ បានបង្ហាញថា កងកម្លាំងសហរដ្ឋអាមេរិកនៅតាមតំបន់សង្គ្រាម កំពុងត្រូវបានសត្រូវកំណត់ជាគោលដៅវាយប្រហារ ដោយប្រើប្រាស់ «ទិន្នន័យទីតាំង» ដែលពួកគេអាចទិញបានយ៉ាងងាយស្រួលនៅលើទីផ្សារពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយផ្តាច់មុខដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លិខិតរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) ដែលត្រូវបានទម្លាយដោយសមាជិកព្រឹទ្ធសភា លោក រ៉ុន វីដិន (Ron Wyden) បានបញ្ជាក់ថា យោធាបានទទួលរបាយការណ៍ជាច្រើនពីការប្រើប្រាស់ទិន្នន័យទីតាំងដើម្បីតាមដានកងទ័ពអាមេរិក។ ទោះមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែតំបន់គ្រប់គ្រងរបស់ Centcom គឺរួមបញ្ចូលទាំងតំបន់ឈូងសមុទ្រ ដែលកងទ័ពអាមេរិកកំពុងប្រឈមមុខនឹងអ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស។

ក្រុមសមាជិកសភាបានព្រមានថា សត្រូវអាចប្រើទិន្នន័យទាំងនេះដើម្បីដឹងពីទីតាំងប្រមូលផ្តុំកងទ័ព ដែលផ្តល់ភាពងាយស្រួលក្នុងការវាយប្រហារដោយមីស៊ីល ដ្រូន និងគ្រាប់បែក។ លោក វីដិន បានសង្កត់ធ្ងន់ថា អាមេរិកត្រូវចាត់ទុក «ឧស្សាហកម្មបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម (Adtech)» ជាការគំរាមកំហែងសន្តិសុខជាតិ។ ទោះបីជាលិខិតផ្ទៃក្នុងនេះត្រូវបានបែកធ្លាយក៏ដោយ ប៉ុន្តែស្ថាប័នមន្ទីរបញ្ចកោណ (Pentagon) ផ្ទាល់ បានបដិសេធមិនធ្វើអត្ថាធិប្បាយបកស្រាយលម្អិត ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាននៅឡើយទេ៕