ប្រមុខ WHO ធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ ខណៈការផ្ទុះឡើងនៃជំងឺអេបូឡាកំពុងហួសពីសមត្ថភាពគ្រប់គ្រង (Video insdie)
28-05-2026 21:18
(គីនសាសា)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ខណៈដែលការផ្ទុះឡើងនៃជំងឺ អេបូឡា (Ebola) ដ៏ធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ កំពុងមានសន្ទុះលឿនជាងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់សហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរសុខាភិបាលកុងហ្គោ និងបណ្តាប្រទេសជិតខាង កំពុងស្វះស្វែងទប់ស្កាត់ការរីករាលដាលនៃវីរុសអេបូឡាប្រភេទកម្រ Bundibugyo ដែលមិនទាន់មានវ៉ាក់សាំង ឬវិធីព្យាបាលនៅឡើយ។ ប្រតិបត្តិការឆ្លើយតបដែលពឹងផ្អែកលើការកំណត់អត្តសញ្ញាណ និងការដាក់ឱ្យនៅដាច់ដោយឡែក កំពុងមានភាពយឺតយ៉ាវយ៉ាងខ្លាំង ដែលជំរុញឱ្យ WHO ប្រកាសចាត់ទុកបញ្ហានេះជាគ្រោះអាសន្នសុខភាពសាធារណៈអន្តរជាតិ។ លោក ថេដ្រូស (Tedros Adhanom Ghebreyesus) ប្រមុខ WHO បានសង្កត់ធ្ងន់ថា៖ «ប្រទេសនេះធ្លាប់យកឈ្នះអេបូឡា ១៦ដងរួចមកហើយ។ លើកទី១៧ នេះក៏មិនខុសគ្នាដែរ ប៉ុន្តែយើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ និងរួមគ្នា»។
លោក ថេដ្រូស គ្រោងនឹងចុះពិនិត្យផ្ទាល់នៅខេត្តអ៊ីទូរី (Ituri) ភាគឦសានកុងហ្គោ ដែលជាប្រភពដើមនៃការផ្ទុះឡើងនៃជំងឺនេះ។ បច្ចុប្បន្ន គ្រូពេទ្យនៅទីនោះកំពុងប្រឈមនឹងការខ្វះខាតសម្ភារបរិក្ខារ និងការវាយប្រហារលើមន្ទីរពេទ្យ ដោយសារប្រជាជនមួយចំនួនមិនជឿថាជំងឺនេះមានពិត។ យោងតាមទិន្នន័យចុងក្រោយរបស់ WHO មានករណីសង្ស័យឆ្លងចំនួន ១,០៧៧ករណី និងសង្ស័យស្លាប់ ២៤៦នាក់ ខណៈអ្នកជំនាញព្រមានថាតួលេខពិតប្រាកដអាចមានច្រើនជាងនេះឆ្ងាយ។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងវិបត្តិនេះ WHO កំពុងបង្កើនការធ្វើតេស្ត ខណៈបេសកកម្មរក្សាសន្តិភាព MONUSCO ក៏បានដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រជិត ៥តោនទៅកាន់តំបន់រងគ្រោះផងដែរ។ ទោះជាយ៉ាងណា ប្រតិបត្តិការជួយសង្គ្រោះកំពុងជួបឧបសគ្គ ដោយសារការរឹតបន្តឹងជើងហោះហើរទៅកាន់តំបន់នោះពីសំណាក់រដ្ឋាភិបាលកុងហ្គោ៕






