មេដឹកនាំមីយ៉ាន់ម៉ា ត្រៀមបំពេញទស្សនកិច្ចនៅឥណ្ឌា ដែលជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងនាមជាប្រធានាធិបតី (Video insdie)
28-05-2026 23:15
(រ៉ង់ហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដែលនេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបង្អស់របស់លោក ចាប់តាំងពីលោកឡើងកាន់តំណែងជាមេដឹកនាំស៊ីវិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលនេះ អតីតមេបញ្ជាការយោធារូបនេះ នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងតំណាងធុរកិច្ចនានា ព្រមទាំងមានគម្រោងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រៅប៉ាឌី មួរមូ (Droupadi Murmu) ផងដែរ។ ទីក្រុងញូវដេលីរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងពហុវិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
គួររំលឹកថា លោក មីន អោងឡាំង ទើបតែស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសាកន្លងទៅ ដែលជាការបន្តក្តោបក្តាប់អំណាចតាមរូបភាពស៊ីវិល បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) កាលពីឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ន។
ក្រោយការគ្រប់គ្រងដោយយោធាអស់រយៈពេល ៥ឆ្នាំ លោក មីន អោងឡាំង បានរៀបចំការបោះឆ្នោតមួយកាលពីខែមករា ដោយផាត់ចោលគណបក្សរបស់លោកស្រី ស៊ូជី និងមិនរាប់បញ្ចូលតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ដែលជាការបើកផ្លូវឱ្យលោក និងសម្ព័ន្ធមិត្តយោធាទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ក៏មានការចូលរួមពីតំណាងប្រទេសជិតខាងដូចជា ចិន ឥណ្ឌា និងថៃ ព្រមទាំងប្រទេសចំនួន ២០ ផ្សេងទៀតផងដែរ៕





