CENTCOM ទាត់ចោលការអះអាងរបស់អ៉ីរ៉ង់ ដែលថាយន្ដហោះយោធាអាមេរិកត្រូវបានបាញ់ទម្លាក់ (Video insdie)

29-05-2026 08:50

(ឌូបៃ)៖ យោធាអាមេរិកបានអះអាងថាមិនមានយន្ដហោះយោធាណាមួយត្រូវបានបាញ់ទម្លាក់នោះទេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់រាយការណ៍ថាកងកម្លាំងអ៉ីរ៉ង់បានបាញ់ទម្លាក់យន្ដហោះយោធាអាមេរិកមួយគ្រឿងនៅក្បែរទីក្រុង Bushehr។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅព្រឹកព្រលឹម ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាយន្ដហោះយោធាអាមេរិកមួយគ្រឿង ត្រូវបានកម្ទេចក្នុងតំបន់ Jam ក្នុងទីក្រុង Bushehr។

ក៏ប៉ុន្តែ ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានទាត់ចោលការអះអាងរបស់អ៉ីរ៉ង់ ដោយគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​X ដូច្នេះថា «មិនមានយន្ដហោះអាមេរិកណាមួយត្រូវបានបាញ់ទម្លាក់នោះទេ»

ការអះអាងពីការបាញ់ទម្លាក់យន្ដហោះយោធាអាមេរិកនេះកើតមានឡើងចំពេលអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ សម្រេចបានភាពរីកចម្រើនជាច្រើនឆ្ពោះទៅរកការពន្យារបទឈប់បាញ់ ដោយរង់ចាំតែការអនុម័តយល់ព្រមពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុណ្ណោះ៕