រូម៉ានីដែលជាសមាជិក NATO ថាដ្រូនរុស្ស៉ីធ្លាក់ចំអគារមួយ ក្នុងទឹកដីរបស់ខ្លួន (Video insdie)
29-05-2026 09:38
(ប៊ុយការ៉េស)៖ ក្រសួងការពារជាតិរូម៉ានី នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថាដ្រូនមួយគ្រឿងរបស់រុស្ស៉ីបានធ្លាក់ចំអគារអាផាតធើមិនមួយក្នុងប្រទេសរូម៉ានី ដែលជាសមាជិក NATO បណ្ដាលឱ្យមនុស្ស ២នាក់រងរបួស ក្នុងទីក្រុងមួយស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមក្រសួងការពារជាតិរូម៉ានី អំឡុងយប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន ហើយក្នុងចំណោមដ្រូនទាំងនោះមានដ្រូនមួយគ្រឿងបានហោះចូលក្នុងដែនអាកាសរូម៉ានី។ ដ្រូនមួយគ្រឿងនេះត្រូវបានចាប់សញ្ញាដោយប្រព័ន្ធរ៉ាដា នៅក្នុងភាគខាងត្បូងនៃទីក្រុង Galati និងបានធ្លាក់លើដំបូលអគារអាផាតធើមិនមួយបង្កជាអគ្គិភ័យឆាបឆេះ។
ក្រុមអ្នកសង្រ្គោះបន្ទាន់បាននិយាយថាមនុស្ស២នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯអគ្គិភ័យត្រូវបានពន្លត់។
គួរបញ្ជាក់ថា ការទន្ទ្រាញចូលដោយដ្រូនបានកើតឡើងរាប់សិបលើកមកហើយ ចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ ប៉ុន្តែឧបទ្ទវហេតុ ចុងក្រោយនេះគឺជាលើកដំបូងបំផុតដែលដ្រូនវាយប្រហារចំអគារមានមនុស្សស្នាក់នៅ។ ក្រសួងការពារជាតិរូម៉ានីបន្ថែមថាយន្ដហោះចម្បាំង F-16 ២គ្រឿងបានចេញធ្វើប្រតិបត្តិការ បន្ទាប់ពីដ្រូនត្រូវបានប្រទះឃើញក្នុងដែនអាកាសរូម៉ានី៕




