លោក Netanyahu ចេញបញ្ជាឱ្យកងទ័ពអ៉ីស្រាអែលពង្រីកការកាន់កាប់ហ្កាហ្សា ឱ្យដល់៧០ភាគរយ (Video insdie)

29-05-2026 10:27

(តែលអាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានចេញបញ្ជាឱ្យកងទ័ពអ៉ីស្រាអែលពង្រីកការកាន់កាប់ឱ្យដល់ ៧០ភាគរយលើតំបន់ហ្កាហ្សា ជាទីដែល ប្រជាជនប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យទៅរស់នៅលើដីដ៏តូចចង្អៀតមួយរួចទៅហើយ ស្ថិតនៅតាមបណ្ដោយឆ្នេរនៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្នុងវីដេអូមួយត្រូវបានចាក់ផ្សាយដោយទូរទស្សន៍អ៉ីស្រាអែល Channel 12 កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក Netanyahu បាននិយាយថា «ក្នុងពេលនេះ យើងកំពុងកាន់កាប់ ៦០ភាគរយនៃទឹកដីហ្កាហ្សា ហើយខ្ញុំបានបញ្ជាឱ្យពង្រីកការកាន់កាប់ដល់ ៧០ភាគរយ»។ នៅពេលមានអ្នកស្រែកនៅឯពិធីជួបជុំមួយថាអ៉ីស្រាអែលត្រូវតែគ្រប់គ្រង ទាំងស្រុងលើតំបន់ហ្កាហ្សា លោក Netanyahu មិនបានប្រកែកនឹងគំនិតនេះទេ ដោយលោកបញ្ជាក់ថាជាដំបូង អ៉ីស្រាអែលត្រូវកាន់កាប់តំបន់ហ្កាហ្សាឱ្យបាន ៧០ភាគរយសិន។

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ត្រូវបានរាយការណ៍ថាបានបញ្ជូនផែនទីទៅឱ្យបណ្ដាអង្គការមនុស្សធម៌ ដែលបង្ហាញថាខ្លួនបានពង្រីករួចទៅហើយនៃ ការគ្រប់គ្រងរបស់ខ្លួន ១១ភាគរយបន្ថែមទៀត ពោលគឺហួសពីការកំណត់ព្រំដែន Yellow Line នៅលើទឹកដីហ្កាហ្សាដែលកងទ័ពអ៉ីស្រាអែលកំពុងកាន់កាប់។ Yellow Line នេះ ត្រូវបានព្រមព្រៀងក្នុងបទឈប់បាញ់មួយគាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែតុលា ឆ្នាំ២០២៥។ នេះមានន័យថាអ៉ីស្រាអែលបានគ្រប់គ្រង ៦៤ភាគរយនៃទឹកដីហ្កាហ្សា មិនមែន ៥៣ភាគរយដូចដែលត្រូវបានរាយការណ៍កន្លងមកនោះទេ៕