ប្រមុខការទូតសិង្ហបុរី៖ កូរ៉េខាងជើងមិនមានបំណងទំនាក់ទំនងជាមួយអាមេរិក ឬកូរ៉េខាងត្បូងឡើយ (Video insdie)

29-05-2026 11:53

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងជើងមិនមានបំណងធ្វើការទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬជប៉ុននោះទេ ហើយកំពុងផ្ដោតលើការពង្រឹងការពឹងផ្អែកលើខ្លួនឯង និងសមត្ថភាពយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ការអត្ថាធិប្បាយរបស់លោក Vivian Balakrishnan ធ្វើឡើងបន្ទាប់ពីរូបលោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែឧសភា។ ដំណើរទស្សនកិច្ចចុងក្រោយរបស់ប្រមុខការទូតសិង្ហបុរីទៅកាន់កូរ៉េខាងជើង ធ្វើឡើងកាលពីឆ្នាំ២០១៨។ តាមលោក Vivian ក្នុងពេលបច្ចុប្បន្នអ្វីដែលប្រាកដប្រជា គឺកូរ៉េខាងជើង មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៉ី ហើយចិននៅតែជាដៃគូមិនអាចខ្វះបាន។ ប៉ុន្តែកូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបើកចំហការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូង និងជប៉ុននៅឡើយទេ ក្នុងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បង្ហាញម្ដងហើយម្ដងទៀតពីចំណាប់អារម្មណ៍លើការរៀបចំកិច្ចពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ តែប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូកាន់តែល្អប្រសើរឡើង បន្ទាប់ពីកូរ៉េខាងជើងបញ្ជូនកងទ័ពទៅជួយ ជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ ប៉េកាំងវិញក៏កំពុងប្រឹងប្រែងអូសទាញកូរ៉េខាងជើងត្រឡប់មកក្នុងរង្វង់ដៃរបស់ខ្លួនវិញផងដែរ តាមរយៈការបើកដំណើរការ ឡើងវិញសេវារថភ្លើងដឹកអ្នកដំណើរ និងជើងហោះហើររវាងប្រទេសជិតខាងទាំង២កាលពីប៉ុន្មានខែមុននេះ៕