UN បញ្ចូលអ៉ីស្រាអែលនិងរុស្ស៉ី ក្នុងបញ្ជីខ្មៅស្តីពីអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម (Video insdie)
29-05-2026 13:21
(យូអិន)៖ អ៉ីស្រាអែលនិងរុស្ស៉ី ទើបត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅមួយរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីការប្រព្រឹត្តអំពើហិង្សាផ្លូវភេទក្នុងពេលសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦។
កាលពីខែសីហា ឆ្នាំ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ធ្លាប់បានព្រមានអ៉ីស្រាអែល និងរុស្ស៉ីអំពីលទ្ធភាពនៃការកត់ឈ្មោះចូលបញ្ជីខាងលើ ប៉ុន្តែទោះបីជាមានការព្រមានក៏ដោយ ឧប្បត្តិហេតុនិងលំនាំនៃអំពើហិង្សាផ្លូវភេទ នៅតែបន្តត្រូវបានកត់ត្រាដោយ UN ក្នុងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងនៅក្នុងដែនដីប៉ាឡេស្ទីន។ ហេតុដូច្នេះហើយ ឥឡូវប្រទេសទាំងពីរ ត្រូវបានដាក់បញ្ចូលទៅក្នុង បញ្ជីនៃភាគីដែលជាប់សង្ស័យខ្លាំងអំពីការប្រព្រឹត្តឬទទួលខុសត្រូវ សម្រាប់លំនាំនៃសកម្មភាពរំលោភសេពសន្ថវៈ ឬទម្រង់ដទៃទៀតនៃអំពើហិង្សាផ្លូវភេទ អំឡុងពេលមានជម្លោះប្រដាប់អាវុធ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងអ៉ីស្រាអែល របាយការណ៍ UN បានលើកឡើងថា កាលពីក្នុងឆ្នាំ២០២៥ លំនាំនៃអំពើហិង្សាផ្លូវភេទប្រឆាំងជនជាតិប៉ាឡេស្ទីន ដែលជាប់ឃុំឃាំងនៅអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីន នៅតែបន្តត្រូវបានកត់ត្រា ហើយតាមការកត់សម្គាល់ គឺវាហាក់ជានិន្នាការកើតមានច្រើនឆ្នាំមកហើយ។ សម្រាប់ជនដៃដល់ គឺត្រូវបាន UN កំណត់អត្តសញ្ញាណថា ជាសមាជិកនៃយោធា កងកម្លាំងសន្តិសុខ និងឆ្មាំពន្ធធនាគាររបស់អ៉ីស្រាអែល។
ចំណែកពាក់ព័ន្ធនឹងរុស្ស៉ីវិញ របាយការណ៍ខាងលើ បានរំលេចអំពីអំពើហិង្សាផ្លូវភេទនៅក្នុងទឹកដីអ៊ុយក្រែនស្ថិតក្រោមការត្រួតត្រា និងនៅក្នុងទឹកដីរបស់រុស្ស៉ីផ្ទាល់ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពន្ធនាគារ ជាពិសេសប្រឆាំងទៅលើឈ្លើយសឹក ដែលបានផ្តល់សក្ខីកម្មក្រោយពួកគេត្រូវបានដោះលែង។ របាយការណ៍បានលើកអំពីករណីអំពើហិង្សាផ្លូវភេទពាក់ព័ន្ធជម្លោះប្រដាប់អាវុធសរុប៣១០ករណី ក្នុងសង្រ្គាមអ៊ុយក្រែន៕







