អភិបាលស្រុកបាទី ជួបប្រជុំជាមួយតំណាងរោងចក្រ-សហគ្រាសជាង១០០ ឲ្យសហការ និងរាយការណ៍បទល្មើស Online Scam
29-05-2026 14:12
(តាកែវ)៖ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានកោះអញ្ជើញលោកស្រី ដែលជាតំណាងរោងចក្រ និងសហគ្រាសនានាចំនួនជាង១០០ ដែលកំពុងមានមូលដ្ឋានអាជីវកម្ម នៅក្នុងស្រុកបាទីជួបប្រជុំពាក់ព័ន្ធ និងវិធានការណ៍របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់អភិបាលខេត្តតាកែវ ពាក់ព័ន្ធទៅនិងកិច្ចសហការ និងវិធានការណ៍បង្រ្កាបបទល្មើសអនឡាញស្កែម។
លោក សាយ វណ្ណៈ បានប្រាប់ Fresh News ឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ និងស្នើសុំឱ្យបណ្តារោងចក្រ សហគ្រាសទាំងអស់ ចូលរួមពង្រឹងកិច្ចសហការជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងអ្នកវិនិយោគ។
លោកអភិបាលស្រុកបាទីបានថ្លែងបន្តថា បញ្ហា Online Scame នេះ ត្រូវបានលោកអភិបាលខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គណៈបញ្ជាការឯកភាពក្រុងស្រុក ឲ្យធ្វើសកម្មភាពយ៉ាងខ្លាំងក្លា និងផ្សព្វផ្សាយឲ្យទំលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់រោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណាឲ្យពួកគេចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការបង្កាមុន និងទប់ស្កាត់ការឆបោកតាមអនឡាញនេះ កុំឲ្យកើតមានក្នុងភូមិសាស្រ្តខេត្តតាកែវ៕















