អ៊ុយក្រែនគ្រោងទិញយន្តហោះចម្បាំង Gripen ស៊េរីថ្មី២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគម៉ូដែលចាស់១៦គ្រឿង ដើម្បីពង្រឹងការការពារដែនអាកាស (Video insdie)
29-05-2026 14:20
(ស្តុកខុល)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់ស៊ុយអែត ប្រទេសទាំងពីរ បានប្រកាសថា អ៊ុយក្រែនគ្រោងទិញយន្តហោះចម្បាំង Gripen ម៉ូដែលចុងក្រោយដល់២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគម៉ូដែលចាស់១៦គ្រឿង ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលស៊ុយអែត បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែនគ្រោងបែងចែកថវិកា២,៥ពាន់លានអឺរ៉ូ (២,៩ពាន់លានដុល្លារ) ពីក្នុងកញ្ចប់កម្ចីមួយរបស់សហភាពអឺរ៉ុប សម្រាប់ការទិញយន្តហោះចម្បាំងថ្មីទាំងនេះ។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក ហ្សេលេនស្គី នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson បានប្រាប់ថា ភាគីទាំងពីរ នឹងព្យាយាមសម្រេចឱ្យបានកិច្ចព្រមព្រៀងចុងក្រោយឆាប់ៗ ហើយអាចចាប់ផ្តើមប្រគល់យន្តហោះចម្បាំង Gripen ម៉ូដែល E ដែលជាស៊េរីថ្មីចុងក្រោយបង្អស់ នៅខ្ទង់ឆ្នាំ២០៣០។ បើតាមលោក Kristersson ទន្ទឹមនឹងនោះ ស៊ុយអែតនឹងបរិច្ចាគ យន្តហោះ Gripen ស៊េរីចាស់ចំនួន១៦គ្រឿង ដែលនឹងចាប់ផ្តើមប្រគល់ឱ្យអ៊ុយក្រែន នៅអំឡុងដើមឆ្នាំ២០២៧។
កាលពីខែតុលា ឆ្នាំ២០២៥ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើលិខិតមួយបង្ហាញពីបំណងរបស់ទីក្រុងកៀវ ក្នុងការទិញយន្តហោះចម្បាំង Gripen E រហូតដល់១៥០គ្រឿង។ អំឡុងសន្និសីទខាងលើ លោក ហ្សេលេនស្គី បានអះអាងថា អ៊ុយក្រែនសង្ឃឹមថា នឹងអាចទិញទាំង១៥០គ្រឿង។ កាលពីឆ្នាំ២០២៤ ស៊ុយអែតបានផ្អាកផែនការផ្តល់យន្តហោះ Gripen ដល់អ៊ុយក្រែន បន្ទាប់ពីបណ្តាប្រទេសជាដៃគូ បានស្នើឱ្យផ្តោតអាទិភាពចំពោះការផ្តល់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ គឺជាផ្នែកនៃកញ្ចប់ជំនួយយោធាទី២២របស់ស៊ុយអែត សម្រាប់អ៊ុយក្រែន ដែលមានតម្លៃ២,៧ពាន់លានដុល្លារ។ ប្រទេសអឺរ៉ុបខាងជើងមួយនេះ គឺជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់អ៊ុយក្រែន ដោយបានផ្តល់ជំនួយយោធាគិតជាទឹកប្រាក់សរុបលើស ១៣,៧ពាន់លានដុល្លារហើយ ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងកាលពីឆ្នាំ២០២២៕







