រដ្ឋមន្រ្តីការពារជាតិចិន នឹងខកខានចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី រយៈពេល២ឆ្នាំជាប់គ្នា (Video insdie)

29-05-2026 15:02

(ប៉េកាំង)៖ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun នឹងមិនបានទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី ឬហៅថា Shangri-La Dialogue ក្នុងសប្តាហ៍នេះនៅប្រទេសសិង្ហបុរីឡើយ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនសម្រេចបញ្ចូនប្រតិភូនៃអ្នកជំនាញនិងបញ្ញវន្តមកពីយោធា ឱ្យទៅចូលរួមវេទិនាសន្តិសុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បាននិយាយថា ប្រទេសចិននឹងតំណាងដោយក្រុមមន្រ្តី មកពី​វិទ្យាស្ថានស្រាវជ្រាវរបស់កងទ័ពចិន និងមកពីកងទ័ពជើងទឹក។ កាលពីឆ្នាំ២០២៥ ទីក្រុងប៉េកាំង ក៏បានចាត់បញ្ចូនប្រតិភូកម្រិតទាបស្រដៀងគ្នា ទៅកាន់ Shangri-La Dialogue ដែរ។ វាជាឆ្នាំទី២ជាប់គ្នាហើយ ដែលរដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun នឹងមិនបានចូលរួមព្រឹត្តិការណ៍នេះ ខណៈវាផ្តល់នូវឱកាសយ៉ាងកម្រ សម្រាប់ការធ្វើប្រាស្រ័យទាក់ទងគ្នា រវាងរដ្ឋមន្រ្តីការពារជាតិចិននិងសហរដ្ឋអាមេរិក។

អំឡុងវេទិកា Shangri-La Dialogue នៅសិង្ហបុរីឆ្នាំមុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានហៅចិនថា ជាការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ហើយបានទទូចឱ្យសម្ព័ន្ធមិត្តនៅអាស៉ី បង្កើនការចំណាយលើវិស័យយោធា ដែលធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្ត។ លោក Hegseth នឹងមានវត្តមានសាជាថ្មី ក្នុងវេទិកាឆ្នាំនេះ។

គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី កាលពីឆ្នាំ២០០៧ ហើយធ្លាប់បានបញ្ជូនរដ្ឋមន្រ្តីការពារជាតិ​ទៅចូលរួមជាច្រើនលើក ក្នុងរួមមានទាំងការចូលរួម ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០២២ ២០២៣ និង២០២៤៕