ទីក្រុងប៉េកាំងព្រមានថា តៃវ៉ាន់មិនគួរជ្រៀតជ្រែកបេសកកម្មទ័ពអាកាសចិន នៅក្បែរដែនកោះនេះ (Video insdie)

29-05-2026 15:22

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិចិនបាននិយាយថា​ តៃវ៉ាន់មិនគួរជៀតជ្រែកក្នុង​បេសកកម្មរបស់កងទ័ពអាកាសចិន នៅក្បែរដែនកោះនេះ ដែលប្រព្រឹត្តទៅក្នុងដែនអាកាសរបស់ប្រទេសចិននោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ទោះមានការបដិសេធពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយ ហើយកងយន្តហោះចម្បាំងនិងនាវា​របស់ចិន ធ្វើប្រតិបត្តិការសឹងតែរៀងរាល់ថ្ងៃ នៅក្បែរដែនកោះនេះ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ និងថ្ងៃអង្គារសប្តាហ៍កន្លងទៅ តៃវ៉ាន់បានរាយការណ៍ថា ចិនបានធ្វើសកម្មភាពល្បាតរួមសំដៅពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ហើយបានបញ្ចេញរូបភាពនាវានិងយន្តហោះចិន ដែលថតបានដោយយន្តហោះចម្បាំងរបស់តៃវ៉ាន់។

នៅពេលត្រូវបានសួរនាំអំពីរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានលើកឡើងថា «តៃវ៉ាន់ជាផ្នែកមួយ​របស់ចិន។ យន្តហោះរបស់យើងធ្វើសកម្មភាពយោធា នៅក្នុងដែនអាកាសរបស់ប្រទេសចិន»។ អ្នកនាំពាក្យថែមទាំងបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ចលនាឯករាជ្យតៃវ៉ាន់ គួរតែបញ្ឈប់ទង្វើជ្រៀតជ្រែកនិងបង្កហេតុរបស់ខ្លួន។ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ត្រូវបានចិនហៅថា ជាបុគ្គលបំបែករដ្ឋដ៏គ្រោះថ្នាក់។

លោក Jiang បានសង្កត់ធ្ងន់ថា យោធាចិននឹងបន្តពង្រឹងការហ្វឹកហាត់ និងសមត្ថភាពត្រៀមប្រយុទ្ធរបស់ខ្លួន ហើយធ្វើសកម្មភាពដើម្បីរក្សា​ការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងយកឈ្នះដោយម៉ឺងម៉ាត់លើសកម្មភាពបំបែករដ្ឋនានា ក៏ដូចជាការជ្រៀតជ្រែកពីខាងក្រៅ៕