បទវិភាគ៖ ពី «ចំណងមិត្តភាពដែកថែប» ដល់ «កិច្ចសហប្រតិបត្តិការពហុវិស័យ» មិត្តភាពរវាងចិននិងស៊ែប៊ី កំពុងបោះជំហានឆ្ពោះទៅរកកម្រិតថ្មីទៀតឥតឈប់ឈរ
29-05-2026 16:54
(ប៉េកាំង)៖ “កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ” “ភាគីទាំងពីរបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការជាង២០ច្បាប់” “ពង្រឹងថែមមួយកម្រិតទៀតនូវមិត្តភាពដែកថែប” “បានត្រួសត្រាយផ្លូវថ្មីសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី”។ល។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានវាយតម្លៃជាវិជ្ជមានចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់លោក Aleksandar Vučićប្រធានាធិបតីស៊ែប៊ីនៅប្រទេសចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា។ នៅថ្ងៃទី២៥ ខែឧសភា លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Vučić ភាគីទាំងពីរឯកភាពគ្នាបន្តពង្រឹង ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងស៊ែប៊ីដើម្បីជំរុញជាបន្តបន្ទាប់នូវការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី។ ឥស្សរជនវិភាគយល់ឃើញថា នេះបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងចិន និងស៊ែប៊ី។
ក្នុងការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសដទៃទៀត មិត្តភាពដែកថែបរវាងប្រទេសចិននិងស៊ែប៊ី គឺមានភាពលេចធ្លោបំផុត។ ស៊ែប៊ីជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ ដែលបានរួមគ្នាកសាងសហគមន៍រួមវាសនាក្នុងយុគសម័យថ្មីជាមួយប្រទេសចិន ហើយក៏ជាប្រទេសដំបូងគេមួយ ក្នុងចំណោមប្រទេសអឺរ៉ុបដែលបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិនផងដែរ។ ឆ្នាំនេះគឺជាខួបលើកទី១០ នៃការបង្កើតទំនាកទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិននិងស៊ែប៊ី ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បានឈានចូលដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ។
បច្ចុប្បន្ននេះ ការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិននិងស៊ែប៊ីឱ្យឡើងដល់កម្រិតថ្មីមួយ គឺមិនត្រឹមតែជាតម្រូវការផ្ទៃក្នុងនៃការអភិវឌ្ឍរៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជម្រើសដ៏ចាំបាច់ នៃប្រទេសទាំងពីរក្រោមស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញផងដែរ។ ឆ្នាំនេះគឺជាការចាប់ផ្តើមនៃផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៥របស់ប្រទេសចិន ខណៈដែលស៊ែប៊ី ក៏កំពុងជំរុញផែនការអភិវឌ្ឍន៍ជាតិ"ស៊ែប៊ីឆ្នាំ២០៣០"ផងដែរ។ ការពង្រឹងការតភ្ជាប់គ្នា ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ គឺសម្របទៅតាមឆន្ទៈប្រជាជននិងនិន្នាការជាទូទៅ។
ការគោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកVučić នៅប្រទេសចិន ភាគីទាំងពីរបានរំលឹកឡើងវិញ នូវការគាំទ្រយ៉ាងមុតមាំ ចំពោះគ្នាទៅវិញទៅមកក្នុងការគាំពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ គាំទ្រគ្នាទៅវិញទៅមក ក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាប្រឆាំងនឹង កម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ក្រោមលេសណាមួយ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ការរៀបចំចាត់ចែងដែលជាការយកចិត្តទុកដាក់របស់មនុស្សទូទៅ គឺពិធីប្រគល់ "គ្រឿងឥស្សរិយយសមិត្តភាព" ជូនដល់លោកប្រធានាធិបតីVučićនៅថ្ងៃទី២៥ខែឧសភា។ នេះមិនត្រឹមតែជា ការកោតសរសើរខ្ពស់ចំពោះការរួមចំណែករបស់លោក Vučić ដល់មិត្តភាពចិន-ស៊ែប៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពី ការរំពឹងទុកយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់ការកសាងសហគមន៍រួមវាសនាចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី ក៏ដូចជាធ្វើជាសក្ខីភាព នៃការកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ប្រកបដោយកម្រិតខ្ពស់រវាងចិននិងស៊ែប៊ី។
បើមើលពីទស្សនៈពិភពលោកដ៏ទូលំទូលាយអាចឃើញថា ទាំងចិននិងស៊ែប៊ី សុទ្ធតែមានការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីការប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព និងប្រកាន់ខ្ជាប់សច្ចយុត្តិធម៌ ភាគីទាំងពីរពង្រឹងជាបន្តបន្ទាប់ នូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងការអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ វាមានអំណោយផលដល់ ការកែលម្អអភិបាលកិច្ចសកល។
មានសុភាសិតចិនចាស់មួយដែលថា “មិត្តយល់ចិត្តមិនគិតឆ្ងាយជិត ទោះបីនៅទីឆ្ងាយក៏ហាក់ដូចជានៅក្បែរគ្នា” ។ ស៊ែប៊ីក៏មានសុភាសិតមួយផងដែរថា “ភ្នំនិងភ្នំមិនជួបគ្នា ប៉ុន្តែមនុស្សនិងមនុស្សគួរទាក់ទងគ្នាឱ្យបានញឹកញាប់” ។ បន្ទាប់ពីឆ្លងកាត់ការពិសោធនៃពេលវេលា និងបម្រែបម្រួលស្ថានការណ៍អន្តរជាតិ មិត្តភាព "ដែកថែប" រវាងចិននិងស៊ែប៊ី កំពុងបោះជំហានឆ្ពោះទៅរកកម្រិតថ្មីទៀតឥតឈព់ឈរ៕
វិទ្យុមិត្តភាពកម្ពុជាចិន






