អង្គការសហប្រជាជាតិចាត់ទុកការការពារកុមារតាមប្រព័ន្ធអនឡាញជា «អាទិភាពបន្ទាន់» ដែលត្រូវតែដោះស្រាយ
29-05-2026 18:47
(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានសង្កត់ធ្ងន់ថា ការធ្វើឱ្យពិភពឌីជីថលមានសុវត្ថិភាពសម្រាប់កុមារ គឺជាអាទិភាពដ៏បន្ទាន់បំផុតមួយ ខណៈអ្នកដែលនៅពីក្រោយការបង្កឱ្យមានការប៉ះពាល់ និងគ្រោះថ្នាក់លើប្រព័ន្ធអនឡាញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានផ្នែកសិទ្ធិមនុស្សរបស់ UN លោក វ៉លកឺ ធើក (Volker Turk) បានអំពាវនាវឱ្យរដ្ឋាភិបាលនានា បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស បញ្ចូលប្រព័ន្ធសុវត្ថិភាពកុមារទៅក្នុងកម្មវិធីរបស់ពួកគេ។ លោកបានបញ្ជាក់ថា ការខូចខាតដែលកើតមានលើកុមារ គឺជាលទ្ធផលផ្ទាល់ពីការរចនាកម្មវិធី និងគោលការណ៍អាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ ដែលតែងតែបង្កើតមុខងារទាក់ទាញអារម្មណ៍ ដូចជា ការអូសចុះឡើងមិនចេះចប់ (Infinite Scroll) វីដេអូចាក់ដោយស្វ័យប្រវត្តិ (Autoplay) និងការលោតសារជូនដំណឹងជាបន្តបន្ទាប់ ដែលធ្វើឱ្យកុមារញៀននឹងការប្រើប្រាស់។
លោក ធើក បានគូសបញ្ជាក់ថា៖ «ពិភពឌីជីថលដែលផ្តល់ឱកាសរៀនសូត្រដល់កុមារ ក៏កំពុងធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យសុវត្ថិភាព និងឯកជនភាពផងដែរ។ ការពង្រឹងការការពារកុមារនៅលើប្រព័ន្ធអនឡាញ គឺជាអាទិភាពបន្ទាន់ដែលយើងត្រូវធ្វើឱ្យបាន និងធ្វើឱ្យបានត្រឹមត្រូវ»។
ទោះជាយ៉ាងណា លោកបានលើកឡើងថា ការហាមប្រាមការប្រើប្រាស់បណ្តាញសង្គមទាំងស្រុង មិនមែនជាដំណោះស្រាយដ៏ល្អនោះទេ ប៉ុន្តែអ្វីដែលចាំបាច់គឺការដាក់ចេញនូវបទប្បញ្ញត្តិ និងការត្រួតពិនិត្យឱ្យបានតឹងរ៉ឹងពីសំណាក់ប្រទេសនីមួយៗ ដើម្បីធានាថាវេទិកាអនឡាញត្រូវបានរចនាឡើងប្រកបដោយសុវត្ថិភាព និងមានការការពារទិន្នន័យត្រឹមត្រូវ ខណៈដែលជនបង្កហេតុត្រូវតែប្រឈមមុខនឹងការទទួលខុសត្រូវ៕






