នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរងសម្ពាធនយោបាយ ខណៈសមាជិកបក្សសម្រុកទៅចូលរួមជាមួយបក្សថ្មី

29-05-2026 19:24

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីសមាជិកគណបក្សរបស់លោកជាច្រើននាក់ បាននាំគ្នារត់ទៅចូលរួមជាមួយគណបក្សថ្មីមួយដែលដឹកនាំដោយអតីតកូនសិស្សជំនិតរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីដើមខែនេះ លោក រ៉ាហ្វីហ្ស៊ី រ៉ាមលី (Rafizi Ramli) អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចដែលធ្លាប់ជាអ្នកបន្តវេនរបស់លោក អាន់វ៉ា បានប្រកាសលាលែងពីគណបក្សយុត្តិធម៌ប្រជាជន (PKR) របស់លោកនាយករដ្ឋមន្ត្រី ដើម្បីទៅដឹកនាំគណបក្សរួបរួមម៉ាឡេស៊ី (Bersama) វិញ។ បច្ចុប្បន្ន គណបក្ស Bersama ទទួលបានពាក្យសុំចូលជាសមាជិកជាង ១៨,០០០នាក់ ដោយក្នុងនោះប្រហែលមួយភាគបី គឺជាអតីតសមាជិករបស់ PKR។

ទោះបីជាការដឹកនាំរបស់លោក អាន់វ៉ា បានជួយស្តារស្ថិរភាពនយោបាយនៅម៉ាឡេស៊ី តាំងពីឆ្នាំ២០២២ ក្តី ប៉ុន្តែរដ្ឋាភិបាលរបស់លោកកំពុងរងការរិះគន់ជុំវិញភាពយឺតយ៉ាវក្នុងការកែទម្រង់ និងអំពើពុករលួយ។ លោក ហាសាន់ អាប់ឌុល ការីម (Hassan Abdul Karim) សមាជិកសភាបក្ស PKR បានព្រមានថា ប្រសិនបើមានសមាជិកសភាច្រើនទៀតសម្រេចចិត្តដើរចេញ លោក អាន់វ៉ា នឹងបាត់បង់អំណាចជានាយករដ្ឋមន្ត្រីមិនខាន។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់បក្ស PKR បានចេញមុខទាត់ចោលព័ត៌មាននៃការបែកបាក់នេះ ដោយអះអាងថាមិនមានចលនាចាកចេញធំដុំនោះទេ ហើយគណបក្សនៅតែមានសមាជិកសរុបជាង ១លាននាក់ដដែល៕