UN ព្រមានថា កុមារ ១១នាក់ ស្លាប់និងរបួសជារៀងរាល់ថ្ងៃនៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល (Video insdie)
29-05-2026 19:51
(ហ្សឺណែវ)៖ មូលនិធិកុមារសហប្រជាជាតិ (UNICEF) នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា កុមារជាមធ្យម ១១នាក់ ត្រូវបានសម្លាប់ ឬរងរបួសជារៀងរាល់ ២៤ម៉ោងម្តង នៅក្នុងប្រទេសលីបង់ក្នុងសប្តាហ៍កន្លងទៅ។ នេះបណ្តាលមកពីអ៊ីស្រាអែលនៅតែបន្តពង្រីកការវាយប្រហារនៅទូទាំងប្រទេស បើទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទិន្នន័យផ្លូវការ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១៦ ខែមេសាមក មានកុមារ ៥៥នាក់ត្រូវបានសម្លាប់ និង ២១២នាក់ផ្សេងទៀតរងរបួស ខណៈដែលកងទ័ពអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកនៅភាគខាងត្បូងប្រទេស និងតំបន់ជាយរដ្ឋធានីបេរូត។ អ្នកនាំពាក្យ UNICEF លោក រីកាដូ ភីរ៉េស (Ricardo Pires) បានអំពាវនាវយ៉ាងទទូចឱ្យភាគីជម្លោះគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដែលតម្រូវឱ្យមានការការពារជីវិតកុមារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធសុខាភិបាលនៅលីបង់ផងដែរ ដោយបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម មន្ទីរពេទ្យ និងមណ្ឌលសុខភាពជិត ៣០កន្លែង ត្រូវបានរងការវាយប្រហារ ដែលបណ្តាលឱ្យបុគ្គលិកពេទ្យ និងអ្នកជំងឺជាច្រើននាក់ស្លាប់និងរបួស៕





