រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានជួបលោក Rubio នៅវ៉ាស៊ីនតោន ដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ (Video insdie)
29-05-2026 21:23
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីសាគ ដា (Ishaq Dar) នៅថ្ងៃសុក្រ បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ដោយរំពឹងថានឹងផ្តោតសំខាន់លើការជំរុញកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីពន្យារបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ប៉ុន្តែកិច្ចព្រមព្រៀងនេះកំពុងរង់ចាំការសម្រេចចុងក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយ។ ម្យ៉ាងទៀត ភាគីអ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនេះមិនទាន់រួចរាល់ជាស្ថាពរនោះទេ ដោយសារមានការកែប្រែខ្លឹមសារមួយចំនួន។
កន្លងមក គោលជំហររវាងប្រទេសទាំងពីរនៅតែមានភាពខុសគ្នាស្រឡះ ដោយអ៊ីរ៉ង់ទាមទារឱ្យដកទណ្ឌកម្ម និងដកកងទ័ពអាមេរិកចេញពីតំបន់ ខណៈអាមេរិកទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែរចោលទាំងស្រុង។ បច្ចុប្បន្ន បញ្ហាបន្ទាន់បំផុតគឺការបិទខ្ទប់ច្រកសមុទ្រហ័រមូស ដែលធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងប្រមាណ ២០ភាគរយនៃពិភពលោក ដោយកាលពី ២៤ម៉ោងមុន មិនមាននាវាដឹកប្រេងណាមួយអាចឆ្លងកាត់បានឡើយ ក្រៅតែពីនាវាដឹកយានយន្តរបស់ចិនមួយគ្រឿងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្របសម្រួលនៅក្នុងសង្គ្រាមនេះ ដោយកិច្ចប្រឹងប្រែងទាំងនេះត្រូវបានដឹកនាំផ្ទាល់ដោយអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក អាស៊ីម មូនៀ (Asim Munir) ខណៈដែលដំណើរទស្សនកិច្ចរបស់លោក ដា នៅពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថាន ក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា៕





