ទាហានអាមេរិករងរបួស ដ្រូន ២គ្រឿងខូចខាត ក្នុងការវាយប្រហារដោយមីស៊ីលពីអ៉ីរ៉ង់លើមូលដ្ឋានទ័ពអាកាសកូវ៉ែត (Video insdie)

30-05-2026 15:50

(វ៉ាស៊ីនតោន)៖ ការវាយប្រហារដោយមីស៊ីលបាលិស្ទីគមួយគ្រាប់របស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសកូវ៉ែត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះបានបណ្ដាលឱ្យទាហានអាមេរិកជាច្រើននាក់រងរបួសស្រាល និងបង្កការខូចខាតធ្ងន់ធ្ងរដល់ដ្រូន MQ-9 Reaper ២គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦។

Bloomberg ដោយផ្អែកលើប្រភពដែលបានដឹងពីការវាយប្រហារខាងលើ បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់កូវ៉ែតបានស្ទាក់ចាប់មីស៊ីល Fateh-110 មួយគ្រាប់ ប៉ុន្តែបំណែកមីស៊ីលបានធ្លាក់ចំ មូលដ្ឋានទ័ពអាកាស Ali Al Salem។ ប្រភពនេះដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមទៀតថាមនុស្ស ៥នាក់ ក្នុងនោះរួមមានអ្នកម៉ៅការ និងទាហានអាមេរិកបានរងរបួសស្រាល ហើយដ្រូន Reaper មួយគ្រឿងត្រូវបានបំផ្លាញ និងមួយគ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ។ ដ្រូន Reaper មួយគ្រឿងមានតម្លៃ ៣០លានដុល្លារ។ ប៉ុន្តែទីបញ្ជាការកណ្ដាលអាមេរិកភ្លាមៗមិនបានឆ្លើយតបទៅនឹង ការស្នើសុំធ្វើការអត្ថាធិប្បាយនៅឡើយទេ។

ការវាយប្រហារខាងលើបានកើតឡើង ចំពេលសហរដ្ឋអាមេរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងមួយដែលនឹងពន្យារបទឈប់បាញ់ដ៏ផុយស្រួយមួយ និងដែលបានចូលជាធរមានកាលពីដើមខែមេសា បើទោះជាភាគីទាំងសងខាងបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកអំឡុងបទឈប់បាញ់ក៏ដោយ។ លោក ត្រាំវិញ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៩ ខែឧសភា បាននិយាយថា រូបលោកត្រៀមរួចជាស្រេចដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយ។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន មីស៊ីល Fateh-110 ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី និងអាចពាំក្បាលគ្រាប់ទម្ងន់ ៥០០គីឡូក្រាម។ អ៉ីរ៉ង់បានបាញ់មីស៊ីលបាលសិ្ទគច្រើនជាង ១៨៥០គ្រាប់លើគោលដៅនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក។ ដោយឡែក ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថាទាហានអាមេរិក ១៤នាក់បានស្លាប់ និង៤០៩នាក់បានរងរបួសក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់៕