អង្គការសេដ្ឋកិច្ចប្លុកអឺរ៉ាស៉ីដឹកនាំដោយរុស្ស៉ី នឹងពិចារណាព្យួរសមាជិកភាពអាមេនី ជុំវិញបញ្ហាសុំចូលជាសមាជិក EU

30-05-2026 18:56

(មូស្គូ)៖ សហភាពសេដ្ឋកិច្ចមួយដែលដឹកនាំដោយរុស្ស៉ីនៃអតីតសាធារណរដ្ឋសូវៀត បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថាខ្លួននឹងពិចារណាព្យួរសមាជិកភាពអាមេនី ដោយសារតែប្រទេសនេះកំពុងស្នេីសុំចូលជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងបានអំពាវនាវឱ្យទីក្រុង Yerevan ធ្វើប្រជាមតិដើម្បីឱ្យប្រជាជនរបស់ខ្លួនអាចបោះឆ្នោតជ្រេីសរេីសលើផ្លូវដែលត្រូវដើរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Astana សហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហៅកាត់ EAEU នឹងពិចារណាលើការព្យួរប្រទេសអាមេនី​នាចុងឆ្នាំនេះ ដោយសារតែក្តីបារម្ភថាការស្វែងរកសមាជិកភាពក្នុង EU បង្កគ្រោះថ្នាក់ដល់សន្តិសុខសេដ្ឋកិច្ចរបស់ EAEU។

រុស្ស៉ី កាហ្សាក់ស្ថាន បេឡារុស និងកៀហ្ស៉ីស៉ីស្ថាន បានលេីកឡេីងថា សមាហរណកម្មទៅទិសខាងលិចរបស់អាមេនី បង្កហានិភ័យខ្លាំងចំពោះសន្តិសុខសេដ្ឋកិច្ចនៃ EAEU ដូច្នេះការបន្តសមាជិកភាពរបស់អាមេនីនៅក្នុង EAEU នឹងត្រូវពិនិត្យឡើងវិញក្នុងកិច្ចប្រជុំបន្ទាប់របស់ប្លុកនៅខែធ្នូខាងមុខ។

EAEU ក៏បានអំពាវនាវឱ្យទីក្រុង Yerevan ធ្វើប្រជាមតិសាធារនៈមួយអំពីការចូលជាសមាជិក EU ដោយរួមបញ្ចូលជម្រើសបន្តស្ថិតនៅក្នុងក្រុមដែលដឹកនាំដោយទីក្រុងមូស្គូ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលទីក្រុង Astana ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន និយាយថា EAEU នឹងត្រូវបង្ខំចិត្តដកការងារទាំងអស់ជាមួយអាមេនី ពាក់ព័ន្ធដំណើរការសមាហរណកម្មក្នុងវិស័យសេដ្ឋកិច្ច។

រុស្ស៉ីដែលកំពុងជាប់ដៃធ្វេីសង្រ្គាមនៅអ៊ុយក្រែន ព្យាយាមរក្សាទុកអាមេនីឱ្យនៅក្នុងគន្លងរបស់ខ្លួន ប៉ុន្តែនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ព្យាយាមរៀបចំផ្លូវឆ្ពោះទៅលោកខាងលិច ខណៈដែលបានរិះគន់ទីក្រុងមូស្គូជាសាធារណៈផងដែរ៕