ប្រធានាធិបតីមីយ៉ាន់ម៉ា ទៅដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចពង្រឹងទំនាក់ទំនង (Video inside)

31-05-2026 10:38

(ណៃពិដោ)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅក្រៅប្រទេស ចាប់តាំងពីក្លាយជាមេដឹកនាំស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានបង្ហោះលើបណ្តាញសង្គមនូវរូបភាពលោក Min Aung Hlaing ដើរលើកម្រាលព្រំក្រហម ពេលមកដល់រដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ជាមួយខ្លឹមសារថា «ការស្វាគមន៍យ៉ាងកក់ក្តៅ»។ លោក Jaiswal បានលើកឡើងថា ទស្សនកិច្ចរបស់លោក Min Aung Hlaing ឆ្លុះបញ្ចាំងពីចំណងទាក់ទងដ៏រឹងមាំដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ហើយនិងភាពស៉ីជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

បើតាមក្រសួងការបរទេសឥណ្ឌា លោកប្រធានាធិបតីមីយ៉ាន់ម៉ា នឹងជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ព្រមទាំងប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ នៅរដ្ឋធានីញូវដែលី មុនពេលលោកធ្វើដំណើរទៅទីក្រុងហិរញ្ញវត្ថុ Mumbai។ លោក Jaiswal បានលើកឡើងថា ទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ឱ្យប្រទេសទាំងពីរ ស្វែងរកវិធីពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចផងដែរ។ តាមទីក្រុងញូវដែលី ការធ្វើពាណិជ្ជកម្មទ្វេភាគី មានទំហំ១,៩៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥-២០២៦។

គួរបញ្ជាក់ថា លោក Min Aung Hlaing គឺជាអតីតប្រមុខរបបយោធា ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីខែមេសា។ ប្រការនេះអនុញ្ញាតឱ្យរូបលោកបន្តការដឹកនាំប្រទេសក្នុងតំណែងស៉ីវិល ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពី​៥ឆ្នាំមុន៕