វៀតណាមប្រកាសដោះលែងអ្នកទោសសរុបជិត ១០ ០០០នាក់ (Video inside)

31-05-2026 11:54

(ហាណូយ)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វៀតណាមបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសសរុបជិត១០ ០០០នាក់ ក្នុងនោះរួមមានទាំងជនបរទេស នាឱកាសនៃការរៀបចំដោយជោគជ័យ នូវការបោះឆ្នោតសមាជិកសភា ដែលបានប្រព្រឹត្តទៅកាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសអាស៊ានមួយនេះ ជារឿយៗប្រកាសដោះលែងអ្នកទោស សម្រាប់ឱកាសព្រឹត្តិការណ៍ពិសេសៗ ឬការអបអរណាមួយ។ កាលពីឆ្នាំ២០២៥ វៀតណាមបានដោះលែងអ្នកទោសជាង ២២ ០០០នាក់ ដែលជាកំណត់ត្រា ខណៈការលើកលែងទោសនាពេលនោះ គឺសម្រាប់ឱកាសគម្រប់ខួបទី៥០ នៃការដួលរលំរបបដឹកនាំវៀតណាមខាងត្បូង និងខួបទី៨០ ចាប់តាំងពីការប្រកាសឯករាជ្យ។

យោងតាមឯកសារចុះហត្ថលេខាដោយលោក To Lam ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានាធិបតី នៅដើមខែមិថុនា អ្នកទោស ៩ ៩៥០នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាព ដែលជាផ្នែកមួយនៃការលើកលែងទោសក្នុងឆ្នាំ២០២៦នេះ។ អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក Le Van Tuyen បាននិយាយថា ការលើកលែងទោសនេះ គឺសម្រាប់អបអរភាពជោគជ័យ នៃសមាជបក្សកុម្មុយនីស្តវៀតណាម ដែលធ្វើឡើង៥ឆ្នាំម្តង និងការបោះឆ្នោតជ្រើសរើសសមាជិកសភា។

គួរបញ្ជាក់ថា តាមលោក Tuyen ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងខាងលើ ក៏រួមមានជនបរទេស៦៣នាក់ផងដែរ ដែលមានសញ្ជាតិផ្សេងៗគ្នា។ តាមច្បាប់នៃប្រទេសវៀតណាម អ្នកទោសដែលជាប់ពិរុទ្ធពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលឬភេរវកម្ម មិនអាចទទួលបានការលើកលែងទោសទេ៕