អាមេរិកប្រកាសពីការសម្លាប់មនុស្ស៣នាក់ទៀត ក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន (Video inside)

31-05-2026 13:45

(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ខ្លួនបានធ្វើការវាយប្រហារថ្មីមួយទៀតលើទូកសង្ស័យដឹកគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ផ្តាច់ជីវិតបុរស៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាអាមេរិកបាននិយាយថា ទូកខាងលើធ្វើដំណើរលើគន្លងផ្លូវដែលត្រូវបានដឹងថា ជាច្រកផ្លូវសម្រាប់ការលួចដឹកជញ្ជូនគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ដើម្បីធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន ហើយអំឡុងសកម្មភាពវាយប្រហាររបស់ខ្លួន បុរស៣នាក់ជាភេរវករគ្រឿងញៀន ត្រូវបានសម្លាប់។

គួរបញ្ជាក់ថា យុទ្ធនាការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់នេះរបស់អាមេរិក គឺចាប់ផ្តើមឡើងតាំងតែពីខែកញ្ញា ឆ្នាំ២០២៥ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកស្ថិតក្នុងសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។

សរុបមកទល់ពេលនេះ មនុស្សលើស២០០នាក់ហើយ ត្រូវបានសម្លាប់ ខណៈក្រុមអ្នកជំនាញច្បាប់និងក្រុមសិទ្ធិមនុស្ស យល់ឃើញថា ការវាយប្រហាររបស់យោធាអាមេរិក អាចស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ ដ្បិតពួកវាហាក់ដូចជាការកំណត់គោលដៅលើ ជនស៉ីវិលដែលមិនបង្កការគំរាមកំហែងបន្ទាន់ភ្លាមៗ ចំពោះសហរដ្ឋអាមេរិកនោះឡើយ៕