រដ្ឋមន្រ្តីការពារជាតិជប៉ុន ច្រានចោលការចោទប្រកាន់អំពីយោធានិយម និងចោទទៅចិនថា កំពុងបង្កើនសមត្ថភាពយោធាយ៉ាងឆាប់រហ័ស និងដោយគ្មានតម្លាភាព
31-05-2026 16:52
(សិង្ហបុរី)៖ នាថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានច្រានចោលការចោទប្រកាន់ចំពោះទីក្រុងតូក្យូអំពីយោធានិយម ហើយបានរិះគន់ចិន សម្រាប់ការបង្កើនសមត្ថភាពយោធាយ៉ាងឆាប់រហ័សដោយគ្មានតម្លៃភាព ដែលជារឿងគួរឱ្យបារម្ភ ខណៈប្រទេសទាំងពីរនៅតែបន្តមានភាពតានតឹងនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងអំឡុងសន្នីសីទកំពូលស្តីពីសន្តិសុខអាស៉ី ឬហៅថា Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Koizumi បានច្រានចោលការចោទប្រកាន់ដែលថា ប្រទេសរបស់លោក កំពុងដើរលើគន្លងផ្លូវនៃនិន្នាការយោធានិយមថ្មី។ លោកបានលើកឡើងដូច្នេះថា «សូមពិចារណាទៅមើល។ មានប្រទេសមួយចំនួនដែលមានអាវុធនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដ៏ច្រើន។ ចំណែកជប៉ុនវិញគ្មានរបស់ទាំងអស់នេះទាល់តែសោះ ប៉ុន្តែបែរជាត្រូវគេចោទអំពីយោធានិយមថ្មី?»។ លោក Koizumi បានបន្ថែមថា «ចាប់តាំងពីចប់សង្រ្គាមលោកលើកទី២ ជប៉ុនបានគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន រួមទាំងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយបានបង្កើនកិច្ចប្រឹងប្រែងដោយស្មោះត្រង់ ដើម្បីរក្សាការពារនិងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិមួយ ដែលសេរីនិងបើកចំហ»។
ដោយឡែកលោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានចង្អុលទៅកាន់ចិនថា ជាប្រទេសមួយដែលកំពុងបន្តបង្កើនការចំណាយលើវិស័យការពារជាតិដល់កម្រិតខ្ពស់ ខណៈការពង្រីកឥទ្ធិពលនិងការធ្វើសកម្មភាពយោធារបស់ចិន គឺជាក្តីកង្វល់ធំមួយទាំងសម្រាប់ជប៉ុន និងសម្រាប់សហគមន៍អន្តរជាតិទាំងមូល។ ក្នុងខែឧសភានេះ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យក្រុមប្រទេសនៅអាស៉ី-ប៉ាស៉ីហ្វិក បង្កើនការប្រុងប្រយ័ត្ន និងរួមគ្នាទប់ទល់អ្វីដែលខ្លួនហៅថា សកម្មភាពធ្វេសប្រហែស នៃនិន្នាការយោធានិយមបែបថ្មីរបស់ជប៉ុន។ កាលពីខែមេសា ទីក្រុងតូក្យូបានបង្ហាញការកែប្រែដ៏ធំមួយ ក្នុងគោលការណ៍នាំចេញផលិតផលការពារជាតិរបស់ខ្លួន ដោយលុបចោលការរឹតត្បិតលើការលក់បរិក្ខារយោធាទៅក្រៅប្រទេស ហើយបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៉ីល និងសព្វាវុធផ្សេងៗទៀត។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ដាំក្បាលចុះដល់កម្រិតដ៏ទាបបំផុតមួយ ចាប់តាំងពីពេលនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា ក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ នោះអាចនាំឱ្យជប៉ុនត្រូវបង្ខំចិត្តឆ្លើយតបដោយយោធា។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន និងជាបន្ទាត់ក្រហមដែលមិនអាចដើររំលងឬជាន់ឈ្លីដាច់ខាត៕







