អ្នកគាំទ្រក្លឹប PSG រាប់ម៉ឺននាក់ ប៉ះទង្គិចជាមួយប៉ូលិសនៅទីក្រុងប៉ារីស ខណៈមនុស្សជាង​១៣០នាក់ត្រូវបានចាប់ខ្លួន (Video inside)

31-05-2026 19:19

(ប៉ារីស)៖ កងកម្លាំងប៉ូលិសទីក្រុងប៉ារីសរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងហ្វូងមនុស្សនៅតាមតំបន់សំខាន់ៗក្នុងទីក្រុង ខណៈមានការប្រើប្រាស់ហ្គាសបង្ហូរទឹកភ្នែក និងចាប់ខ្លួនមនុស្សរាប់សិបនាក់ បន្ទាប់ពីក្លឹបបាល់ទាត់ Paris St Germain (PSG) ទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League លើកទីពីរជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបភាពចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ បានបង្ហាញពីភាពតានតឹង និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅជុំវិញកីឡដ្ឋាន Parc de Princes ភាគខាងលិចទីក្រុងប៉ារីស ជាទីដែលអ្នកគាំទ្រជាង ៤ម៉ឺននាក់ បានទស្សនាការប្រកួតតាមរយៈអេក្រង់ខ្នាតយក្ស។ ដើម្បីរក្សាសណ្តាប់ធ្នាប់ អាជ្ញាធរបារាំងបានដាក់ពង្រាយកម្លាំងប៉ូលិសរហូតដល់ ២២,០០០នាក់។ គួររំលឹកថា កាលពីឆ្នាំមុន ពេលដែល PSG ឈ្នះពានរង្វាន់នេះជាលើកដំបូង មានមនុស្ស ២នាក់បានបាត់បង់ជីវិត និងជិត ២០០នាក់រងរបួសដោយសារការអបអរសាទរហួសហេតុនេះ។

ទន្ទឹមនឹងនេះ នៅតាមមហាវិថី Champs Élysées ដែលត្រូវបានប៉ូលិសបិទមួយផ្នែក មានអ្នកគាំទ្រប្រមាណ ២០,០០០នាក់ បានប្រមូលផ្តុំគ្នាអបអរសាទរដោយសន្តិវិធី ប៉ុន្តែក៏មានអ្នកខ្លះបានដុតកាំជ្រួច និងផាវផងដែរ។ ប៉ូលិសទីក្រុងប៉ារីសបានបញ្ជាក់ថា គិតត្រឹមម៉ោង ១១យប់ (ម៉ោងក្នុងស្រុក) ប៉ូលិសទីក្រុងប៉ារីសបានធ្វើការចាប់ខ្លួនមនុស្សជាង ១៣០នាក់ ខណៈរថយន្តចំនួន ៦គ្រឿង និងតូបលក់ទំនិញចំនួន ២ ត្រូវបានរងការខូចខាតដោយសារសកម្មភាពហឹង្សារបស់ក្រុមអ្នកគាំទ្រមួយចំនួន៕