អ៊ីរ៉ង់ប្រកាសថានឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ ប្រសិនបើសិទ្ធិរបស់ខ្លួនមិនត្រូវបានធានាទាំងស្រុង
31-05-2026 19:59
(តេអេរ៉ង់)៖ ប្រធានអ្នកចរចាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ បាខឺ កាលីបាហ្វ (Mohammad Bagher Qalibaf) នៅថ្ងៃអាទិត្យ បានប្រកាសថា ទីក្រុងតេហេរ៉ង់ នឹងមិនយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិកឡើយ ប្រសិនបើមិនអាចធានាបាននូវសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ជាមុនសិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសជំហររឹងត្អឹងនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានធំៗរបស់អាមេរិក រួមមាន The New York Times និង Axios បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើត្រឡប់មកវិញនូវសេចក្តីព្រាងក្របខណ្ឌថ្មីមួយដែលមានលក្ខខណ្ឌ «តឹងរ៉ឹងជាងមុន» ឱ្យភាគីអ៊ីរ៉ង់ពិនិត្យ។ ការកែសម្រួលលក្ខខណ្ឌជាឯកតោភាគីនេះ អាចនឹងធ្វើឱ្យការសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និងការបើកច្រកសមុទ្រហ័រមូស ត្រូវជួបការអូសបន្លាយពេលយូរទៅមុខទៀត។
លោក ត្រាំ បានសង្កត់ធ្ងន់ថា អាទិភាពចម្បងដែលមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិក គឺការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការបើកដំណើរការច្រកសមុទ្រយុទ្ធសាស្ត្រឡើងវិញ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីយប់ថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហើបថា អ៊ីរ៉ង់បានឯកភាពមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែររួចរាល់ហើយ ដោយលោកបានគូសបញ្ជាក់ថា៖ «ការធានាតែមួយគត់ដែលខ្ញុំត្រូវតែទទួលបាន គឺការមិនឱ្យមានអាវុធនុយក្លេអ៊ែរ ហើយពួកគេបានយល់ព្រមលើបញ្ហានោះរួចហើយ»៕




