លោក នេតាន់យ៉ាហ៊ូ បញ្ជាឱ្យកងទ័ពអ៊ីស្រាអែលវាយលុកកាន់តែជ្រៅចូលក្នុងប្រទេសលីបង់ បើទោះជាមានបទឈប់បាញ់ (Video inside)
31-05-2026 20:27
(ហ្ស៊េរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅថ្ងៃអាទិត្យ បានប្រកាសថា លោកបានបញ្ជាឱ្យកងទ័ពវាយលុកកាន់តែជ្រៅចូលទៅក្នុងប្រទេសលីបង់ ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បើទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីជាង ៦សប្តាហ៍មុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពអ៊ីស្រាអែលបានសម្រុកវាយលុកឆ្ពោះទៅកាន់ទន្លេហ្សាហារ៉ានី (Zaharani River) និងបានវាយកាន់កាប់ប្រាសាទបុរាណ Beaufort យុទ្ធសាស្ត្រនៅភាគខាងត្បូងលីបង់ បន្ទាប់ពីក្រុមហេសបូឡាបានបាញ់ប្រហារយ៉ាងខ្លាំងក្លាដោយដ្រូនអត្តឃាតមកលើភាគខាងជើងអ៊ីស្រាអែល។ គិតចាប់តាំងពីថ្ងៃទី២ ខែមីនាមក ជម្លោះនេះបានឆក់យកជីវិតមនុស្សជាង ៣,៣៧០នាក់នៅក្នុងប្រទេសលីបង់ និងបង្ខំឱ្យពលរដ្ឋជាង ១,២លាននាក់ភៀសខ្លួន ខណៈខាងភាគីអ៊ីស្រាអែលមានទាហាន ២៤នាក់ និងជនស៊ីវិល ៤នាក់បានស្លាប់។
លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា គោលបំណងរបស់លោកគឺដើម្បី «ពង្រឹង និងពង្រីកការគ្រប់គ្រងលើទីតាំងនានាដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលរបស់ក្រុមហេសបូឡា»។ ទន្ទឹមនឹងនេះ គូប្រជែងនយោបាយដ៏លេចធ្លោរបស់លោក គឺលោក ណាហ្វតាលី បេនណេត (Naftali Bennett) ក៏បានជំរុញឱ្យមានចំណាត់ការកាន់តែតឹងរ៉ឹងបន្ថែមទៀត រួមទាំងការវាយប្រហារទៅលើតំបន់ជាយក្រុងនៃរដ្ឋធានីបេរូត (Beirut) ផងដែរ មុនពេលការបោះឆ្នោតជាតិឈានចូលមកដល់៕







