ហ្វីលីពីនគាំទ្រការជំរុញរបស់អាមេរិកឱ្យបង្កើនចំណាយយោធា ដោយព្រមានថា «សម្ព័ន្ធមិត្តត្រូវចេះជួយខ្លួនឯង» (Video inside)

31-05-2026 22:47

(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីលប៊ឺតូ តេអូដូរ៉ូ ជេអរ (Gilberto Teodoro Jr.) បានថ្លែងនៅថ្ងៃអាទិត្យថា គ្រប់ប្រទេសទាំងអស់មិនអាចព្រងើយកន្តើយនឹងវិស័យការពារជាតិបានឡើយ ហើយត្រូវតែវិនិយោគពង្រឹងសមត្ថភាពយោធាដោយខ្លួនឯង។ លោកបានបញ្ជាក់ជំហរនេះ ក្នុងអំឡុងពេលចូលរួមវេទិកាសន្តិសុខសាំងហ្គ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេចសេត (Pete Hegseth) បានជំរុញឱ្យសម្ព័ន្ធមិត្តនៅអាស៊ី ដំឡើងកញ្ចប់ថវិកាការពារជាតិរហូតដល់ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។ លោក តេអូដូរ៉ូ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ ដោយសង្កត់ធ្ងន់ថា៖ «សូម្បីតែអាស៊ានក៏ដោយ បើសមត្ថភាពប្រទេសនីមួយៗនៅទន់ខ្សោយ តើយើងអាចការពារប្លុកទាំងមូលបានយ៉ាងដូចម្តេច?»

ប្រមុខការពារជាតិរូបនេះបានក្រើនរំលឹកថា ភាពជាដៃគូសន្តិសុខ គឺទាមទារឱ្យមានការចែករំលែកបន្ទុក ហើយប្រទេសនានាមិនអាចពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកតែម្ខាង ដោយមិនព្រមចូលរួមចំណែកនោះទេ។ លោកបានលើកយកសង្គ្រាមនៅអ៊ុយក្រែនមកធ្វើជាឧទាហរណ៍ ដោយព្រមានថា ព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ គឺអាចកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ ដូច្នេះការត្រៀមលក្ខណៈយោធាគឺជារឿងដែលមិនអាចខ្វះបានឡើយ៕